ចិន៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ ជាមួយលោក LV Bin ប្រធានមូលនិធិអភិវឌ្ឍន៍សមុទ្រចិន (Chinese Oceanic Development Foundation CODF) នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នារដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។


ក្នុងជំនួបពិភាក្សាការងារ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងពីអាទិភាពទាំង៣ចំពោះមុខរបស់ក្រសួងបរិស្ថាន គឺ៖ ទី១) យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិកជាមួយសិស្សានុសិស្ស ដោយមានចំនួនចូលរួមប្រមាណ ១,៥លាននាក់ ទី២) ការស្តារ និងដាំដើម ឈើឡើងវិញ តាមរយៈការចែកជូនកូនឈើ ១លានដើម ដល់ប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយអនុលោមតាមគោលការណ៍គតិយុត្ត និងទី៣) ការបូកបញ្ចូលរវាងអាទិភាពទី១ និងទី២ ដោយចូលរួមជាមួយដៃគូលើ ឆាក អន្តរជាតិ ដើម្បីជំរុញភាពស្អាត ភាពបៃតង ចីរភាព ដែលជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ និងសកល។ អាទិភាពទាំងនេះ បានរៀបចំឡើងស្របនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ។

ជាមួយគ្នានេះដែរ លោកប្រធានមូលនិធិ បានធ្វើការវាយតម្លៃ និងកោតសរសើរចំពោះគំនិតផ្តួចផ្តើម និងអាទិភាពការងាររបស់ ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ហើយមូលនិធិ ឯកភាពនឹងបញ្ជូនមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីធ្វើការសហការឱ្យជិត ស្និទ្ធជាមួយ មន្រ្តីជំនាញក្រសួងបរិស្ថាន ដើម្បីពិនិត្យលម្អិតលើកិច្ចការអាទិភាពរបស់ក្រសួង និងរៀបចំគម្រោងជាក់ស្ដែងដើម្បីអនុវត្ត៕
ប្រភព៖ AKP