ចិន៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ពីការគាំទ្រពេញទំហឹងរបស់កម្ពុជា និងការត្រៀមខ្លួនរួចជាស្រេចក្នុងការរួមគ្នាអនុវត្តនូវសកម្មភាពធំៗចំនួន៨ដែលប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងក្នុងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ រួមមាន៖ ការកសាងបណ្តាញតភ្ជាប់ពហុវិស័យខ្សែក្រវាត់ និងផ្លូវ ការគាំទ្រសេដ្ឋកិច្ចពិភពលោកបើកចំហ ការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង ការជំរុញការអភិវឌ្ឍបៃតង ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការគាំទ្រការផ្លាស់ប្តូរប្រជាជន និងប្រជាជនការលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលឈរលើមូលដ្ឋាននៃសុចរិតភាព និងការពង្រឹងការកសាងស្ថាប័នសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ជាលក្ខណៈអន្តរជាតិ។
ក្នុងឱកាសចូលរួមវេទិកាខាងលើ សម្ដេចធិបតី បានអញ្ជើញថ្លែងសុន្ទរកថា ដោយបានគូសបញ្ជាក់ពីសារសំខាន់នៃកំណើនសេដ្ឋកិច្ចឌីជីថល ដែលជាប្រភពថ្មីនៃកំណើន តាមរយៈការផ្តល់កាលានុវត្តន៍ភាពដ៏ពិសេសមួយដល់ប្រទេសនានា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន ក្នុងគោលបំណងសម្រេចឱ្យបានពេញលេញនូវសក្តានុពលរបស់សេដ្ឋកិច្ចឌីជីថល សម្ដេចធិបតីបានសង្កត់ធ្ងន់ពីសារសំខាន់នៃគោលនយោបាយ និងបទប្បញ្ញត្តិអំណោយផល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់នវានុវត្តន៍ ការពារកម្មសិទ្ធិបញ្ញា និងលើកកម្ពស់អក្ខរកម្មឌីជីថល។
សម្ដេចធិបតីបានអំពាវនាវឱ្យបង្កើនការផ្ដល់មូលនិធិដល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុងប្រទេសកំពុងអភិវឌ្ឍ រួមមានការតភ្ជាប់ មជ្ឈមណ្ឌលទិន្នន័យ សន្តិសុខ ព្រមទាំងកត្តាជំរុញ និងថ្នាលសំខាន់ៗដទៃទៀត តាមរយៈក្របខ័ណ្ឌBRI។
សម្ពធិបតី បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្លាស់ប្តូរពីគំរូសេដ្ឋកិច្ចប្រពៃណី ទៅជាសេដ្ឋកិច្ចឌីជីថលដែលមានភាពធន់ តាមរយៈការដាក់ចេញនូវគោលនយោបាយពាក់ព័ន្ធនឹងឌីជីថលមួយចំនួន។ សម្ដេចធិបតី បានជំរុញឱ្យដៃគូសំខាន់ៗ ទាំងវិស័យសាធារណៈ និងឯកជន ស្វែងយល់ពីឱកាសដ៏ធំធេងដែលកម្ពុជាអាចផ្តល់ជូន ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។
ប្រធានវេទិកាបានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយ ដែលបង្ហាញពីលទ្ធផលប្រកបដោយផ្លែផ្កា និងសមិទ្ធផលគន្លឹះៗផងដែរ។
ក្នុងឱកាសចូលរួមវេទិកានេះ សម្ដេចធិបតី បានជួបសម្តែងការគួរសម ឯកឧត្តមប្រធានាធិបតីស៊ី ជីនពីង និងជួបពិភាក្សាដាច់ដោយឡែកជាមួយ ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង និងឯកឧត្តម ឆាយ ឈី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យកិច្ចការទូទៅនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងកម្ពុជា-ចិន និងបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រដែលផ្កាបាចលើវិស័យអាទិភាពចំនួន ០៦ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។សម្ដេចធិបតី និងប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសរួមគ្នាកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងកម្ពុជានិងចិន ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ហើយភាគីចិនបានសន្យាលើកទឹកចិត្តទសចរចិនមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើង។
ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍថាមពលបៃតងនិងបានស្វាគមន៍ការចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍវារីអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ» ដែលនឹងរួមចំណែកដល់សន្តិសុខថាមពល និងការអភិវឌ្ឍថាមពលស្អាតនៅកម្ពុជា។
ភាគីទាំងពីរបានឯកភាពគ្នាពន្លឿនការអភិវឌ្ឍ “ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និង«ច្រករបៀងមច្ឆានិងអង្ករ» ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងកសិកម្មទ្វេភាគី និងធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា។ តបតាមសំណើរបស់កម្ពុជា ភាគីចិនបានឯកភាពនឹងជំរុញក្រុមហ៊ុនចិនមកវិនិយោគលើវិស័យអាទិភាពដែលផ្តល់ផលប្រយោជន៍រួម។
ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាក្រោមកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវដូចជាផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ភាគីទាំងពីរបានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ភាគីទាំងពីរ ក៏បានឯកភាពគ្នាបង្កើនបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងល្បែងភ្នាល់ឆ្លងដែន ការជួញដូរមនុស្ស និងគ្រឿងញៀន ឧក្រិដ្ឋកម្មតាមអ៊ីនធឺណេត និងព័ត៌មានក្លែងក្លាយ។
ភាគីចិនបានបញ្ជាក់សាជាថ្មីនូវការគាំទ្រឥតងាករេចំពោះកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍សមស្របតាមលក្ខខណ្ឌជាតិ។ សម្ដេចធិបតី បានសម្តែងនូវអំណរគុណចំពោះជំនួយ និងការគាំទ្រ ដ៏ថ្លៃថ្លារបស់ចិន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ សម្តេចធិបតី ក៏បានបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់ឥតងាករ៉េរបស់កម្ពុជាចំពោះគោលនយោបាយចិនមួយ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការសហការគ្នាយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងពហុភាគី៕
ប្រភព៖ AKP