ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៣នេះ សាខាពន្ធដារខេត្តកែប ប្រមូលចំណូលពន្ធបាន ៧៦,៨២ភាគរយ នៃផែនការប្រចាំឆ្នាំ

0

កែប៖ ក្នុងរយ:កាល៩ខែ នៃដើមឆ្នាំ២០២៣នេះ សាខាពន្ធដារខេត្តកែប បានប្រមូល ចំណូលពន្ធចំនួន ៦,៩៤០,៨៦៤,៩៤៩រៀល ស្មើនឹង ៧៦,៨២ភាគរយ នៃផែនការប្រចាំឆ្នាំ។

ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងដោយ លោក អៀង ក្អូន ប្រធានសាខាពន្ធដារ ខេត្តកែប នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំង អំពីលទ្ធផល នៃការប្រមូលពន្ធរយៈពេល ៩ខែ ដើមឆ្នាំ២០២៣ និងទិសដៅអនុវត្តន៍បន្ត ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក អ៊ឹម បញ្ញារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកែប នៅសាខាពន្ធដារខេត្តកែប។

លោក អៀង​ ក្អូន បានបញ្ជាក់ថា ចំណូលពន្ធរយៈពេល ៩ខែ​ ដើមឆ្នាំ២០២៣​ នេះ ធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានការថយចុះចំនួន ៤,៩៤៩,១២៦,៣៧៨ រៀល ស្មើនឹង -៤១.៦២ភាគរយ​ បញ្ហាទាំងនេះដោយសារតែកើតមានឡើងសង្គ្រាមរវាង អ៊ុយក្រែន និងរុស្ស៊ី ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល និងកម្ពុជារបស់យើងផងដែរ។

ទោះជាយ៉ាងនេះក្តី លោក អ៊ឹម បញ្ញារិទ្ធិ បានលើកឡើងដោយកោតសរសើរ និងលើកទឹកចិត្តឱ្យមន្ត្រីពន្ធដារ​ ត្រូវខិតខំបន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្ត សារាចរណែនាំ ស្តីពី ការអនុវត្តច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងបន្តអនុវត្តន៍ ដោយ យកចិត្តទុកដាក់ នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ដើម្បីសម្រេចបាននៅ លទ្ធផលប្រមូលចំណូលពន្ធឱ្យអស់សក្តានុពល និងកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ​ លោកអភិបាលរង​ខេត្ត​ ក៏បានផ្តល់អនុសាសន៍ជូនដល់ថ្នាក់ដឹកនាំ​ មន្ត្រីសាខាពន្ធដាខេត្ត​ មន្ទីរអង្គភាពជុំវិញខេត្ត​ និងអាជ្ញាធរ​ពាក់ព័ន្ធ​នូវចំណុចមួយ ចំនួនដូចជា៖ ថ្នាក់ដឹកនាំ និងមន្ត្រីនៃសាខាពន្ធដារខេត្ត ត្រូវអនុវត្តន៍តាមយុទ្ធសាស្ត្រ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជក និយោជិក នៅរាជធានីភ្នំពេញកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។ ពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាជូនអ្នកជាប់ពន្ធ។ ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការប្រមូលពន្ធ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីពន្ធដារ។

ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារត្រូវប្រកាន់ភ្ជាប់នូវគុណតម្លៃគោលការណ៍៣សំខាន់ៗគឺ៖ ១-រដ្ឋបាលកិច្ចល្អប្រកាន់ភ្ជាប់នូវភាពជាអ្នកដឹកនាំ គុណាធិបតេយ្យ ដែលសំដៅលើ​គណនេយ្យភាព សមត្ថភាព ការខិតខំប្រឹងប្រែង និងលទ្ធផលការងារ។ ២-អ្នកចូលរួមអនុវត្តន៍ ទាំងអស់ត្រូវមានឆន្ទៈ មោះមុត ការបោះបង់ មានភាពទទួលខុសត្រូវខ្ពស់ សំដៅអនុវត្តន៍ ការងារក្នុងស្មារតី បុរេសកម្ម និងតម្កល់ផលប្រយោជន៍ជាតិ និងអង្គភាពជាធំ និង៣-មន្ទីរអង្គភាពនានា និងរដ្ឋបាលគ្រប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការ និងគាំទ្រវិធានការនានា របស់ រដ្ឋបាលសារពើពន្ធ ធ្វើយ៉ាងណាឱ្យការប្រមូលចំណូលពន្ធសម្រេចបាន តាមផែនការកំណត់។

ទន្ទឹមនោះ លោក អ៊ឹម បញ្ញារិទ្ធិ សូមអំពាវនាវដល់អ្នកជាប់ពន្ធទាំងអស់ សូមស្ម័គ្រចិត្ត មកបំពេញកាតព្វកិច្ចសារពើពន្ធ ស្រមតាមច្បាប់កំណត់ចៀសវាងមានការអនុវត្តដោយបង្ខំ​ ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ និងមុខរបរផ្សេងៗជាដើម៕

ប្រភព៖ AKP