ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្រ្តទំនប់៧មករា ខេត្តកណ្តាល

0

កណ្តាល៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​មន្ត្រី​បច្ចេកទេស និង​មន្ទីរ​ជំនាញ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​តាម​បណ្តោយ​សណ្ត​ស្ទឹង​ព្រែក​ត្នោត ជា​ពិសេស​តំបន់​ទំនប់ ៧​មក​រា ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ផ្នែក​ខាងលើ​ទឹក​ចាប់ផ្តើម​ស្រក​ហើយ បណ្តា​ទ្វារ​ទឹក​មួយ​ចំនួន​បាន​បិទ​ទាំងស្រុង​ដូច​ជា ទ្វារ​ទឹក​របស់​អាង​ទឹក​តា​សាល​បាន​បិទ​ទាំងស្រុង ហើយ​ចំណុច​ពាម​ឃ្លៃ​ទឹក​ចាប់ផ្តើម​ស្រក ដោយឡែក​ទ្វារ​ទឹក​រលាំង​ជ្រៃ​កាលពី​វេលា​ម៉ោង​៦​ព្រឹក បាន​ទម្លាក់​ទ្វារ​ចុះ​កន្លះ​ម៉ែត្រ​ចំនួន​បី​ទ្វារ រហូត​មក​ដល់​ម៉ោង​១២​នេះ បាន​ទម្លាក់​ចុះ​កន្លះ​ម៉ែត្រ ២​ទ្វារ​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា ស្ថានីយ​ពាម​ឃ្លៃ​ស្ថិត​ក្នុង​ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ទ្វារ​ទឹក​រលាំង​ជ្រៃ​ស្ថិត​ក្នុង​ឃុំ​កា​ហែង ស្រុក​សំរោង​ទង និង​ទំនប់​អាង​ទឹក​តា​សាល ស្ថិត​ក្នុង​ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ផ្តាំផ្ញើ​ថា បើ​ទោះបីជា​ទឹក​នៅ​ផ្នែក​ខាងលើ​ចាប់ផ្តើម​ស្រក​ចុះ ប៉ុន្តែ​សូម​ឱ្យ​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​មន្ត្រី​ទាំងអស់​បន្ត​បង្កើន​ការ​យកចិត្តទុកដាក់ ខណៈ​ទឹក​នៅ​ខ្ពស់​នៅឡើយ ទឹកនឹង​បន្ត​ស្រក​ចុះ​បណ្តើរ​ៗ តែ​ក្នុង​រយៈពេល​នេះ​ត្រូវ​យកចិត្តទុកដាក់​ការពារ​កុំឱ្យ​មានការ​ថ្លោះធ្លោយ​ណាមួយ ជា​ពិសេស​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រួម​ជាមួយ​អាជ្ញាធរ​ដែនដី​ត្រូវ​មានការ​យកចិត្តទុកដាក់ និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​បំផុត​។

សូម​ជម្រាប​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​ជូនដំណឹង​អំពី​ស្ថានភាព​ធាតុអាកាស​ផង​ដែរ​ថា បន្ទាប់​ពី​ធ្វើការ​តាមដាន​ស្ថានភាព​ធាតុអាកាស​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សម្ពាធ​ទាប​នៅ​ជិត​វៀតណាម (​ក្នុង​សមុទ្រ​ខាងកើត​វៀតណាម​) បា​នប​ម្លែ​ង​ខ្លួន​ទៅ​ជា​ព្យុះ​ត្រូ​ពិ​ក​ទី ១៦ ដែល​មានឈ្មោះ​ថា សាន​បា​(Sanba) ស្ថានភាព​បែប​នេះ​នឹង​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម នៅ​ស្ទើរ​ទូ​ទាំង​ប្រទេស ជា​ពិសេស​នៅ​តំបន់​ទំនាប​កណ្តាល ភាគ​ត្បូង ភាគ​ខាងលិច និង​ភាគ​និរតី​៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម