សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញដំណើរពីរដ្ឋធានីប៉េកាំង បន្តទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ​ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត

0

ចិន៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ តុលា ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញដំណើរពីរដ្ឋធានីប៉េកាំង បន្តទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន​-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ​ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា​ កិច្ចប្រជុំកំពូលនេះគឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍​ ជាដើម។​​

កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្តីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)​។

សូមបញ្ជាក់ជូនថា ​អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឥស្សរជន​បរទេសមួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ៕

ប្រភព៖ ក្រសួងព័ត៌មាន