កណ្តាល៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំក្រុមការងារ រួមមាន៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, មន្ទីរធនធានទឹក និង ឧតុនិយម, អាជ្ញាធរស្រុកកណ្តាលស្ទឹងចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅភូមិព្រៃទទឹង ឃុំត្រពាំងវែង ពិនិត្យជំនន់ទឹកភ្លៀង នៅប្រឡាយ៩៤, ប្រឡាយ៩៦, ស្ថានីយបូមទឹកចាបយំ, ស្ថានីយបូមទឹកក្របៅ, និង ស្ថានីយបូមទឹករំដោះពីទីលានវាយកូនហ្គោល ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកកណ្តាលស្ទឹង និង ក្រុងតាខ្មៅ នៅថ្ងៃ ពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ។
ក្នុងការចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះ លោក ហាក់ សុខមករា បានបញ្ជាឱ្យគ្រឿងចក្រអេស្កា កាយបើកមុខលូបង្ហូរទឹកកាត់ទទឹងពីផ្លូវជាតិលេខ៣ ចូលក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង បន្ថែម ១កន្លែងទៀត និង មុខលូបង្ហូរទឹកដែលមានស្រាប់ចំនួន ១កន្លែង ដើម្បីបង្ហូរទឹកចូលទៅប្រឡាយអូរអាប ហូររំដោះទៅទន្លេបាទី ដើម្បីធ្វើឱ្យស្ថានភាពទឹកបន្តស្រកចុះ ។
លោកអភិបាលរងខេត្តកណ្តាល ក៏បានណែនាំដល់ក្រុមការងារ ត្រូវបន្តកាយមុខលូរំដោះទឹកកាត់ទទឹងផ្លូវជាតិលេខ៣ បង្ហូរចូលទៅតាមប្រឡាយអូរអាប និង កាយតាមបណ្តោយប្រឡាយអូរអាបបើកមុខទឹកឱ្យបានធំ សំដៅធ្វើឱ្យចរន្តទឹកហូរឱ្យបានលឿន ដើម្បីរំដោះជំនន់ទឹកភ្លៀងដែលហូរមកពីខេត្តកំពង់ស្ពឺ ឱ្យបានលឿន ។
បច្ចុប្បន្ននេះ ក្រុមការងារកំពុងបន្តបូមទឹកនៅតាមស្ថានីយបូមទឹកទាំង ៣ទីតាំង ទី១-ស្ថានីយបូមទឹក ទីលានវាយកូនហ្គោល សម្តេចតេជោ ហ៊ុន សែន,ទី២-ស្ថានីយបូមទឹកក្របៅ, ទី៣-ស្ថានីយបូមទឹកចាបយំ (ទ្វារទឹក៣) ដើម្បីរំដោះទឹកភ្លៀងជន់លិចក្នុងក្រុងតាខ្មៅ និង ទីលានវាយកូនហ្គោល សម្តេចតេជោ ហ៊ុន សែន ៕
ប្រភព៖ AKP