កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា ក្នុងនាមអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ TIKA និងសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាដែលមានកិច្ចសហការល្អ ក្នុងនាមដៃគូអភិវឌ្ឍន៍ដែលបានខិតខំស្វែងរកជំនួយមកផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជា នៅក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍បែបនេះក្នុងពិធីចែកកង់ ដែលជាអំណោយពីរដ្ឋាភិបាល និងប្រជាជនតួកគី ចំនួន១៥០គ្រឿង តាមរយៈអង្គការTIKA និងសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ដើម្បីចែកជូនដល់សិស្សានុសិស្សក្រីក្រ ចំនួន១៥០នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវ អ៊ុលគូ កូការហ្វី (ULKU KOCAEFE) ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋតួកគី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណងសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ព្រមទាំងលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអង្គការសមាគមមួយចំនួនទៀតផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍បន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺបានបន្តថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ ។ ក្នុងនោះការអនុវត្តគោលនយោបាយ ជំនឿសាសនាផ្សេងៗនៅកម្ពុជា បានធ្វើឱ្យខ្មែរឥស្លាមក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ទទួលបាននូវឧត្តមប្រយោជន៍ជាច្រើនដែលពុំធ្លាប់មាន ដូចជាជំនឿសាសនា ជាមន្ត្រីនយោបាយ មន្ត្រី រាជការ និងការអនុញ្ញាតឱ្យសិស្សនិស្សិត ប្រើប្រាស់ឯកសណ្ឋានឥស្លាមនៅតាមសាលារៀន អនុញ្ញាត ឱ្យសាសនិកឥស្លាមទទូរក្រមា ពាក់កន្តិប សម្រាប់ថតរូបធ្វើអត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែន និងឯកសាររដ្ឋបាលផ្សេងៗ ។ នៅតាមរោងចក្រ និងគ្រឹះស្ថានធំៗបង្កើតកន្លែងថ្វាយបង្គំ សម្រាប់សាសនិកឥស្លាម ផ្ដល់គោលនយោបាយវិស័យអប់រំ ថែទាំអ្នកជំងឺ និងការបញ្ចុះសពអ្នកជំងឺកូវីដ-១៩ ជាដើម ។

លោកជំទាវ ULKU KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ក្មួយៗសិស្សានុសិស្សទាំង ១៥០នាក់ដែលមកទទួលអំណោយកង់ម្នាក់១គ្រឿងក្នុងពេលនេះ គឺជាទំពាំងស្នងឫស្សី និងមានអនាគតវែងឆ្ងាយ។ ដូច្នេះក្មួយៗត្រូវប្រឹងប្រែងរៀនសូត្រយកចំណេះវិជ្ជាឱ្យបានល្អ សម្រាប់អនាគតរបស់ខ្លួន និងអនាគតដ៏ត្រចះត្រចង់របស់ប្រទេសជាតិ ។ នេះជាលើកទី២ហើយ ដែលសិស្សានុសិស្សនៅកម្ពុជា បានទទួលអំណោយកង់ពីរដ្ឋាភិបាល និងប្រជាជនតួកគិ។
លោកជំទាវបានបន្តថា អំណោយដូចនេះ គឺរដ្ឋាភិបាល និងប្រជាជនតួកគីបានធ្វើនៅក្នុងប្រទេសជាង ១០០ ទូទាំងពិភពលោក ។ ដូច្នេះក្នុងថ្ងៃនេះរដ្ឋាភិបាល និងប្រជាជនប្រទេសតួកគី ដែលបានផ្ដល់អំណោយដល់ប្រជាជនកម្ពុជា នូវកង់ចំនួន ១៥០គ្រឿងខាងលើនេះ សម្រាប់សិស្សានុសិស្សក្រីក្រមកពីបណ្ដាស្រុក ក្រុងទាំង៨ នៅក្នុងខេត្តកំពង់ឆ្នាំង មានចំនួន ១៥០កង់ ដើម្បីក្មួយៗបានជិះទៅរៀនសូត្រយកចំណេះដឹង សម្រាប់បម្រើប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទៅអនាគត ៕
ប្រភព៖ AKP