ភ្នំសំបុក គឺជារមណីយដ្ឋានដ៏សំខាន់មួយក្នុងចំណោមរមណីយ ដ្ឋានសំខាន់ផ្សេងទៀតក្នុងខេត្ត ក្រចេះ

0

ក្រចេះ៖ ភ្នំសំបុកគឺជារមណីយដ្ឋានដ៏សំខាន់មួយទៀតក្នុងចំណោមរមណីយដ្ឋានសំខាន់ផ្សេងទៀតក្នុងខេត្តក្រចេះ សម្រាប់ទាក់ទាញភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យភ្ជុំ បិណ្ឌនិងកាន់បិណ្ឌ ដោយសារភ្នំនេះ មានទេសភាពស្រស់ស្អាត និងជាទីកន្លែងគោរពសក្ការៈដ៏សក្តិសិទ្ធិ សម្រាប់ប្រជាជនក្នុងខេត្តនិងបណ្តាខេត្តផ្សេងៗ ដែលបានមកដល់ខេត្តនេះ ។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមាន ប្រសាសន៍ថា ភ្នំសំបុក ជាកូនភ្នំតូចមួយមានកម្ពស់ប្រមាណ ៧០ម៉ែត្រ មានដុះទៅដោយរុក្ខជាតិជាច្រើនប្រភេទ មានជណ្ដើរថ្មឡើង៣ជាន់ ដោយភ្ញៀវទេសចរអាចឡើងទៅ ដល់ជាន់ទី១តាមជណ្ដើរថ្ម ឬបើករថយន្ដឡើង វង់តាមផ្លូវចាក់ស៊ីម៉ង់បាន ។ នៅលើភ្នំមានកូនព្រះវិហារ កុដិ និងតូបជាច្រើន ដែលជាទីស្នាក់ នៅរបស់ព្រះសង្ឃ តាជី យាយជី ។ ជាន់នីមួយៗមានផ្លូវព័ទ្ធជុំវិញ និងមានបង់សម្រាប់ភ្ញៀវអង្គុយយក ខ្យល់អាកាសត្រជាក់បរិសុទ្ធ និងគយគន់ទិដ្ឋភាពស្រែចម្ការក្នុងភូមិអ្នកស្រុក និងទន្លេមេគង្គ ។

លោកបានបន្តថា សម្រាប់ឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ភ្នំមួយនេះពិតជាសក្តិសមបំផុតសម្រាប់ប្រជាពលរដ្ឋ ដែលមាន បំណងចង់ធ្វើបុណ្យនិងកម្សាន្តអារម្មណ៍ បន្ទាប់ពីធ្វើការហត់នឿយរយៈពេលយូរមកហើយ ដោយអាចកម្សាន្តលើភ្នំដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពវាលស្រែ ព្រៃព្រឹក្សា និងដងទន្លេមេគង្គដ៏ស្រស់ស្អាត ។ ក្នុងនោះ ភ្នំនេះក៏ជាទីកន្លែងសក្ការៈបូជា និងធ្វើសមាធិ(វិបស្សនា) សម្រាប់អ្នកមានជំនឿ និងគោរពព្រះពុទ្ធសាសនា ផងដែរ ។

«ភ្នំសំបុកនេះគឺយើងបានផ្សព្វផ្សាយច្រើនមកហើយ ដោយទីមួយគឺជាទីទួលខ្ពស់ដែលយើងឡើងទៅដល់លើភ្នំនោះ គឺមើលឃើញនូវទិដ្ឋភាពជុំវិញនៃខេត្តក្រចេះបានច្បាស់ល្អ ហើយនិងមានដើមឈើព័ទ្ធជុំវិញត្រជាក់ សម្រាប់ជណ្តើរក៏មានឡើងគ្រប់ គ្រាន់ ហើយក៏អាចបើកឡានឡើងតាមចង្កេះភ្នំបានដល់លើដែរ ហើយតាមជណ្តើរនោះគឺមានបង្កាន់ដៃ មានសង់រូបសំណាកព្រះសង្ឃនិមន្តបិណ្ឌបាត្រ និងមានទេសភាពស្រស់ស្អាតប្លែកភ្នែកសម្រាប់ភ្ញៀវទេសចរ » ។

សូមបញ្ជាក់ថា ភ្នំសំបុក គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តមានចម្ងាយ ១០គីឡូម៉ែត្រពីទីរួមខេត្ត តាមផ្លូវខេត្តលេខ៣៧៧ ទៅខេត្តស្ទឹងត្រែង ដែលស្ថិតនៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន