អន្លង់ផ្សោតកាំពីនៅតែជាទីតាំងទេសចរណ៍ដ៏ទាក់ទាញជាងគេបំផុតនៅក្នុងខេត្តក្រចេះ ទោះស្ថិតនៅក្នុងរដូវកាលណាក៏ដោយ

0

ក្រចេះ៖ អន្លង់ផ្សោតកាំពី នៅតែជាទីតាំងទេសចរណ៍ដ៏ទាក់ទាញបំផុតក្នុងខេត្តក្រចេះ ទោះស្ថិតនៅក្នុងរដូវកាលណាក៏ដោយ ដោយសារទីនេះជាកន្លែងជិះទូកកម្សាន្ត និងទស្សនាសត្វផ្សោតទន្លេមេគង្គ ដែលជាប្រភេទសត្វកម្រមួយនៅលើពិភពលោក ។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមាន ប្រសាសន៍ថា រមណីយដ្ឋានអន្លង់ផ្សោតកាំពី មិនថារដូវប្រាំងឬរដូវវស្សានោះទេ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ នៅតែអាចទៅទស្សនាសត្វផ្សោតបានដដែល ដោយនៅរដូវប្រាំងទឹករាក់ វានៅផ្ដុំគ្នា ឯរដូវវស្សា វាខ្ចាត់ខ្ចាយ វាចែកគ្នាដើររកស៊ីចំណី ។

លោកបានបន្តថា ដើម្បីទៅទស្សនាសត្វផ្សោតបាន អ្នកទេសចរត្រូវធ្វើដំណើរតាមទូក ដោយជិះចេញពីកំពង់បានប្រមាណតែ១០នាទី ភ្ញៀវទេសចរ នឹងឃើញវត្តមានសត្វផ្សោត ងើបចេញពីផ្ទៃទឹក ដើម្បីដកដង្ហើម ។ សម្រាប់ការងើបមកដកដង្ហើមរបស់សត្វផ្សោតនេះ មិនមានរយៈពេលយូរនោះឡើយ គឺចន្លោះពី២វិនាទី ទៅ៣វិនាទីតែប៉ុណ្ណោះ ។ ម្ដងម្កាល វាក៏លោតផុតចេញពីផ្ទៃទឹក សឹងឃើញរូបរាងទាំងស្រុងរបស់វា តែក្នុងករណីនេះកម្របានឃើញណាស់ ។

លោកបានបន្តទៀតថា សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកវិទ្យាសាស្ត្រ និងអ្នកសិក្សាស្រាវ ជ្រាវ គឺចូលចិត្តទៅកាន់ទីនេះមុនគេបំផុត ក្នុងគោលបំណងដើម្បីទស្សនា និងធ្វើការសិក្សាស្រាវជ្រាវ ពីផ្សោតទន្លេមេគង្គដែលជាថនិក សត្វមួយប្រភេទដ៏កម្រ និងនៅសេសសល់តិចតួចនៅលើពិភព លោក ។ ទន្ទឹមនឹងនោះ ចំនួនភ្ញៀវទេសចរក្នុងស្រុកក៏ចូលចិត្តដើរ កម្សាន្តនិងរង់ចាំទស្សនាសត្វផ្សោតតាមដងទន្លេមេគង្គនេះផងដែរ ។

« ខ្ញុំគិតថាអន្លង់ផ្សោតគឺជាមេដែកដ៏សំខាន់សម្រាប់ខេត្ត ក្រចេះ ព្រោះជាកន្លែងមើលផ្សោតកម្រ បច្ចុប្បន្នមានមនុស្សច្រើនហើយកាំពីលេងទឹកក៏លិចហើយ អ៊ីចឹងនៅក្បែរហ្នឹងគឺអន្លង់ផ្សោតដែលទទួលបានភ្ញៀវច្រើន ព្រោះទីមួយត្រជាក់ល្អ ហើយជាកន្លែងដែលឆ្លងកាត់នៅពេលដែលទៅ ដល់វត្តសសរមួយរយ ហើយត្រឡប់មកផ្ទះវិញ គឺជាចំណុចនៅពាក់កណ្តាលផ្លូវគេត្រូវចូលមើលជិះទូកលម្ហែហើយ » ។

លោកប្រធានមន្ទីរ បានបន្តទៀតថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ។ លទ្ធផលនៃជំរឿនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០២០ ដោយរដ្ឋបាលជលផលនិង អង្គការ WWF បានបង្ហាញថាមានសត្វផ្សោតចំនួនត្រឹមតែ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុង ទន្លេមេគង្គកម្ពុជា។

សូមបញ្ជាក់ថា ដើម្បីទៅកាន់ទីតាំងមួយនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរចេញពីក្រុងក្រចេះ ឆ្ពោះទៅកាន់ភូមិកាំពីឃុំសំបុក ស្រុកចិត្របុរី តាមផ្លូវខេត្តលេខ៣៧៧ ចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ។ ភ្ញៀវទេសចរ នឹងឃើញខ្លោងទ្វារធំមួយភ្ជាប់នឹងអក្សរមួយឃ្លាថា «រមណីយដ្ឋានអន្លង់ផ្សោត» ។ មុនចូលទៅកាន់កន្លែងទិញសំបុត្រ គេនឹងឃើញមានអាជីវករលក់ភេសជ្ជៈនិងគ្រឿងអនុស្សាវរីយ៍ពីឈើ នៅក្នុងបរិវេណទីតាំងនោះ ៕

ប្រភព៖ ក្រសួងព័ត៌មាន