សៀមរាប៖ តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយ ស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ ផ្សេងទៀត ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតរូបអនុស្សាវរីយ៍ស្ទើរតែជា រៀងរាល់ថ្ងៃ។
លោក លៀស គឹមលេខ អនុប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅខ្លោងទ្វារតាកាវ មានប្រសាសន៍ថា ខ្លោងទ្វារតាកាវ កំពុងបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញទ្វេឡើង បន្ទាប់ពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។ ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ដោយដក់ចិត្តជាមួយនិងការថតរូប មិនចេះ ជិនណាយ ព្រោះតែខ្លោងទ្វារតាកាវ មានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិណទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នា បង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក ជាពិសេសនារដូវវស្សា។
លោកបន្តទៀតថា នៅខ្លោងទ្វារតាកាវ មានលក្ខណៈពិសេសម្យ៉ាងទៀត គឺនៅពេលព្រះអាទិត្យរៀបលិច មានពន្លឺចាំងពីខាងលិច រំលេចចេញទៅជាពណ៌មាសក្រាលគ្របលើកំពូលសំណង់បុរាណមួយនេះ ដែលបង្កើតទៅជាសម្រស់ដ៏ស្រស់ស្អាតសម្រាប់ទេសចរឱ្យមកទស្សនា ព្រមទាំងថតរូបភាពមិនសូវ អាក់ខាន។
ភាពទាក់ទាញរបស់ខ្លោងទ្វារតាកាវ មានផ្នែកមួយចំនួនដូចជា៖ ទីមួយគឺផ្នែក ភ្ញៀវទេសចរអាចមកឈរជិត អាចថតរូបមុខព្រហ្មបានស្អាត ដោយសារទីនេះ ជាកន្លែង ដែលទើបតែជួសជុលហើយ ហើយរូបព្រហ្មគឺស្អាត ទីពីរថ្ងៃរសៀល នៅថ្ងៃរៀបលិច ខ្លោងទ្វារតាកាវ ត្រូវពន្លឺនៃព្រះអាទិត្យ មើលទៅប្រាសាទព័ណ៌មាស គឺជាទិដ្ឋភាពមួយដ៏គួរឱ្យទាក់ទាញភ្ញៀវ ទេសចរក្នុងការផ្តិតយករូបភាព។
ហើយនៅច្រកខាងជើងមួយទៀត ជាកន្លែងដែលទាក់ទាញ ស្រស់ស្អាត ដូចផ្នែកខាងត្បួងដែរ ដែលអាចថតឃើញមុខព្រហ្ម និងផ្ទៃមេឃពណ៌ខៀវស្រងាត់ អមដោយប្រាសាទ យើងក្នុងរដូវស្សានេះ មើលទៅស្អាតមានភាពស្រស់បំព្រង។
សូមជម្រាបថា ខ្លោងទ្វារតាកាវបច្ចុប្បន្ន មានភាពរឹងមាំ បង្ហាញសម្រស់ស្រស់ស្អាត ត្រចះត្រចង់ឡើងវិញ ឈរបង្អួតភ្ញៀវទេសចរយ៉ាងមោទកភាព ហើយប្រជាពលរដ្ឋក៏អាចធ្វើដំណើរឆ្លងកាត់ទីនេះ ដោយសុខ សុវត្ថិភាព លែងមានការលំបាកដូចមុនទៀតហើយ។
ដោយសារតែខ្លោងទ្វារនេះ កំពុងទាក់ទាញភ្ញៀវ ទេសចរដូចនេះ ភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅទីនេះ តែងតែជួយសម្របសម្រួល ដល់ភ្ញៀវ ទេសចរជាតិនិងអន្តរជាតិ ដោយរៀបចំដាក់ស្លាកសញ្ញាឱ្យដឹងពីកន្លែងទស្សនា និងកន្លែងគ្រោះថ្នាក់ ជាដើម។ ជាពិសេស សំណូមពរដល់ភ្ញៀវជាតិ និងអន្តរជាតិ កុំឡើងជាន់លើដំបូលនៃស្លាបរបស់តួខ្លោងទ្វារ គោរពតាមស្លាកសញ្ញា និងក្រមប្រតិបត្តិអង្គរ ចៀសវាងមានបញ្ហាប៉ះពាល់ដល់ប្រាសាទ និងគ្រោះថ្នាក់ ជាយថាហេតុផ្សេង៕
ប្រភព៖ ក្រសួងព័ត៌មាន