សម្តេចធិបតីនាយករដ្ឋមន្ត្រី៖ ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងនៅបន្តតាមដានសភាពការណ៍វិវត្តន៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ហើយនិងត្រៀមលក្ខណៈដើម្បីជួយដល់ប្អូនៗ ដើម្បីធានានូវសុខសុវត្ថិភាព របស់ប្អូនៗទាំងអស់គ្នា

0

ភ្នំពេញ៖ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំយុវជននិងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយ ចំនួនទៀត បានតាមដានយ៉ាងយកចិត្តទុកដាក់នូវរាល់ការវិវឌ្ឍន៍នៃសភាពការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្តាប់បាននូវសុខទុក្ខ ជាពិសេសសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពី ស្ថានការណ៍ បានផ្ទុះឡើកាលពីថ្ងៃទី ៧ ខែតុលា គឺមួយសប្តាហ៍មុននេះ។

ក្នុងសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិអំពីស្ថានភាព របស់និស្សិតខ្មែរដែលកំពុងមានវត្តមាននៅ ក្នុងប្រទេសអ៊ីស្រាអែល នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដោយសារស្ថានភាពវិវត្តន៍ប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែលជាពិសេសនៅតំបន់ហ្កាសា នៅមិនទាន់មានភាព ច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ សម្តេចធិបតីបានប្រគល់ភារកិច្ចឱ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេស អេស៊ីបនិងប្រទេសចរដិន ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រពីតំបន់ហ្កាសា។  សម្តេចធិបតីបន្តថា ចំពោះប្អូនៗនិស្សិតដែល មានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅនិងហាត់ការមួយរយៈទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀម មធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ និងហូបចុករបស់ប្អូនៗនិស្សិតទាំងអស់នៅទីនោះ។

ជាមួយគ្នានេះ សម្តេចធិបតីថ្លែងបញ្ជាក់ថា ក្រុមការងាររបស់រាជរដ្ឋាភិបាលបានជូនដំណឹងទៅឱ្យប្អូនៗនិស្សិតទាំងអស់ដែលកំពុង មានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចង់ធ្វើការផ្លាស់ទីកន្លែងទៅកាន់កន្លែងសុវត្ថិភាព បណ្ដោះអាសន្ននោះ គឺសូមអោយពួកគាត់ចុះឈ្មោះតាមប្រព័ន្ធអនឡាញ និងបញ្ជាក់អំពីការស្ម័គ្រចិត្តរបស់ពួកគាត់។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនបងប្អូនជនរួមជាតិអំពីស្ថានភាពរបស់និស្សិត ខ្មែរដែល កំពុង មានវត្តមាន នៅក្នុងប្រទេសអ៊ីស្រាអែល ។  ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំង អស់ជាពិសេសនិស្សិតខ្មែរដែល កំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចក្រុមគ្រួសារនៅកម្ពុជាថា សុខសុវត្ថិភាពរបស់ប្អូនៗនិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិបាល»។

សម្តេចធិបតីបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២នាក់ ហើយ មកទល់នឹងពេលនេះ ប្អូនៗមានសុវត្តិភាពទាំងអស់គ្នា ដោយមានការការពារ យ៉ាងតឹងរឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំង របស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់ នៅនិង ហាត់ការ។ ជាលទ្ធផល គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃទី ១៤ តុលា ២០២៣ ម៉ោងនៅប្រទេសកម្ពុជា (ដែលត្រូវជាម៉ោង ៧ ព្រឹកនៅ ប្រទេស អ៊ីស្រាអែល) មានប្អូនៗនិស្សិតចំនួន ៤២២នាក់ បានចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយប្អូនៗទាំង ៤២២នាក់នោះ បានសម្រេច ចិត្តបន្តស្នាក់នៅក្នុងតំបន់ដែលខ្លួនកំពុងរស់នៅនិងធ្វើការជាធម្មតា និងគិតថាមិនទាន់មានការចាំបាច់សម្រាប់ពួកគេក្នុង ការប្ដូរទីតាំង ទៅកាន់ទីកន្លែងសុវត្ថិភាពដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំជូននោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងនៅបន្តតាមដានសភាពការណ៍វិវត្តន៍ នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ហើយនិងត្រៀមលក្ខណៈដើម្បីជួយដល់ប្អូនៗ ដើម្បីធានានូវសុខសុវត្ថិភាពរបស់ប្អូនៗទាំងអស់គ្នា  រួមទាំងការចល័តចេញពីតំបន់មានហានិភ័យទៅកាន់តំបន់សុវត្ថិភាពតាមការ ចាំបាច់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា