សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពាវនាវឱ្យប្អូនៗនិស្សិតខ្មែរនៅអ៊ីស្រាអែលមានលំនឹងក្នុងចិត្ត, រាជរដ្ឋាភិបាលកម្ពុជាមិនទុកប្អូនៗចោល​នោះទេ ហើយបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ប្អូនៗ ដោយចាត់វិធានការចាំបាច់ទៅ តាមអ្វីដែលអាចធ្វើបាន និងដោយសហការយ៉ាងល្អជាមួយអជ្ញាធរអ៊ីស្រាអែល

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានអំពាវ​នាវឱ្យប្អូនៗនិស្សិតខ្មែរនៅអ៊ីស្រាអែលមានលំនឹងក្នុងចិត្ត រាជរដ្ឋាភិបាលកម្ពុជាមិនទុកប្អូនៗចោលនោះទេ ហើយបន្តយកចិត្តទុកដាក់​ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ប្អូនៗ ដោយចាត់វិធានការចាំបាច់ទៅ តាមអ្វីដែលអាចធ្វើបាន និងដោយសហការយ៉ាងល្អជាមួយ​អជ្ញាធរអ៊ីស្រាអែល។

ក្នុងសារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិអំពីស្ថានភាព​របស់និស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវសារជាថ្មី ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេសប្អូនៗនិស្សិត សូមគោរពឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅហ្នឹងកន្លែង ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្អូនៗ»។

សម្តេចធិបតីក៏បានស្នើដល់ប្អូនៗទាំងអស់ សូមមានលំនឹងក្នុងចិត្តថា រាជ រដ្ឋាភិបាលកម្ពុជាមិនទុកប្អូនៗចោលនោះទេ តែផ្ទុយទៅវិញ​រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខរបស់ប្អូនៗ ដោយចាត់វិធានការ ចាំបាច់ទៅតាមអ្វីដែលយើង​អាចធ្វើបាន និងដោយសហការណ៍យ៉ាងល្អជាមួយអជ្ញាធរអ៊ីស្រាអែល។

សម្តេចធិបតីបានបន្ថែមថា ជាចុងក្រោយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិនេះ ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្អូនៗនិស្សិតដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសារ សូមប្រកបទៅដោយសេចក្ដីសុខ សុវត្ថិភាព និងទទួលបានជោគជ័យក្នុងគ្រប់កិច្ចការទាំងអស់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា