ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក CAO Jiachang ប្រធានសភាពាណិជ្ជ កម្មនាំចេញ-នាំចូលវាយនភ័ណ្ឌចិន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ។
ប្រធានសភាពាណិជ្ជកម្មនាំចេញ- នាំចូលវាយនភ័ណ្ឌចិនបានបង្ហាញចំណាប់អារម្មណ៍លើទំនាក់ទំនងភាពជាដៃគូជិតស្និទ្ធរវាងកម្ពុជា-ចិន ពិសេសលើវិស័យវាយនភ័ណ្ឌ ដែលតែងតែទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងនោះតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចុះហត្ថលខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្ដាប្រទេសផ្សេងៗ និងក្នុងតំបន់ គឺបានបើកឱកាសវិនិយោគកាន់តែធំ ជំរុញលើកទឹកចិត្តវិនិយោគិនមកកម្ពុជា។
ជាក់ស្ដែងក្នុងជំនួបនេះ ក៏មានការចូលរួមផងដែរពីក្រុមហ៊ុនមួយចំនួនដែលវិនិយោគលើវិស័យវាយនភ័ណ្ឌ ដើម្បីទទួលស្ដាប់នូវព័ត៌មាននានាអំពីឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលនយោបាយបើកចំហរបស់កម្ពុជាសម្រាប់វិនិយោគិនលើគ្រប់វិស័យ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួនាទីជាអ្នកសម្របសម្រួល និងផ្ដល់ព័ត៌មានអំពីកិច្ចការងារវិនិយោគដល់វិនិយោគិន។
គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗស្ថិតក្នុងទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រួលលើការដឹក ជញ្ជូនក៏ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីជម្រាបជូនសភាពាណិជ្ជកម្មផងដែរ រួមមានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលបានបើកឱ្យប្រើប្រាស់រួចរាល់ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប- ប៉ោយប៉ែត គម្រោងព្រែកជីកហ្វូណនតេជោ គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយ ប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅ ក្នុងក្រុងព្រះសីហនុជាដើម ដែលនឹងជួយសម្របសម្រួលលើការងារដឹកជញ្ជូនរបស់វិនិយោគិនបានកាន់តែប្រសើរ៕
ប្រភព៖ ក្រសួងព័ត៌មាន