ផ្សារបោះដុំអាស៊ានអន្តរជាតិមានសក្តានុពលខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្មបោះដោះនៅរាជធានីភ្នំពេញ

0

ភ្នំពេញ៖ ឯកឧត្ដម ឃួងស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ផ្សារបោះដុំអាស៊ានអន្តរជាតិមានសក្តានុពលខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្មបោះដុំនៅរាជធានីភ្នំពេញ និងការចែកចាយទំនិញទៅកាន់បណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្ដម ឃួងស្រេង បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាមួយ ឯកឧត្តម Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចុះពិនិត្យមើលពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន.អន្តរជាតិ ឬហៅថាផ្សារដើមគរថ្មីស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ហើយដែលមានស្តង់លក់ដូរចំនួន៦០០០ស្តង់ ។

ឯកឧត្ដមបានថ្លែងថា គម្រោងនេះជាការវិនិយោគរបស់ភាគីចិនដែលជាផ្សារបោះដុំដ៏ធំនៅរាជធានីភ្នំពេញ ដែលមានបោះដុំបន្លែ សម្ភារបរិក្ខារ គ្រឿងសង្ហារិម និងទំនិញជាច្រើនទៀត ដែលនាំចូលពីប្រទេសជិតខាង ប្រទេសចិន និងទំនិញដែលផលិតក្នុងស្រុកសម្រាប់ចែកចាយនៅទូទាំងប្រទេស និងការនាំចេញត្រឡប់ទៅវិញ។ ឯកឧត្តមអភិបាលបន្តថា ផ្សារនេះក៏នឹងជួយរំលែកបងប្អូនអាជីវករពីលើផ្លូវព្រះមុនីរ៉េត ផ្សារដើមគរដែលបង្កឱ្យ បាត់សណ្តាប់ធ្នាប់ ឱ្យមកលក់ទីតាំងថ្មីនេះ។ សម្រាប់បងប្អូនអាជីវករដែលមានបំណងមកលក់ ដូរនៅទីនេះ អាចដាក់ពាក្យមកក្រុមហ៊ុននឹងមិនយកថ្លៃស្តង់រយ:ពេល២ឆ្នាំ។ ឯកឧត្ដមអគ្គរដ្ឋទូតWang Wen Tian បានអបអរសាទរចំពោះគម្រោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ។

ឯកឧត្តមបញ្ជាក់ថា នេះជាការបង្ហាញឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រ ត្បូងពេជ្រកម្ពុជា.ចិនដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំនៃប្រទេសទាំង២។ ឯកឧត្តមបានសំដែងការរីករាយពេលបានឃើញពីការយកចិត្តទុកដាក់និងគាំទ្ររាល់គម្រោងរបស់ចិននៅរាជធានីភ្នំពេញ ហើយស្ថានទូតចិន នឹងបន្តកិច្ចសហការវិនិយោគនៅរាជធានីភ្នំពេញតាមរយ:ការជំរុញវិនិយោគិន របស់ចិនមកវិនិយោគនៅកម្ពុជា និយាយ ដោយឡែកនៅរាជធានីភ្នំពេញឱ្យកាន់តែច្រើនថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន