ពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណកម្ពុជា-ចិន ដែលបានកសាងអស់រយៈពេល ១៩ខែ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ត្រូវបានប្រារព្ធធ្វើឡើងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅថ្ងៃទី១២ ខែតុលានេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការនោះ មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ យូ យានហុង សមាជិកគណៈកម្មាធិការសុខាភិបាលជាតិនៃសាធារណរដ្ឋប្រជាមានិតចិន លេខាធិការនៃសមាជិកដឹកនាំគណបក្ស និងជាគណៈកម្មាធិការជាតិវេជ្ជសាស្រ្តបុរាណចិន និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។


ថ្លែងក្នុងឱកាសដាក់សម្ពោធនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបាន លើកទឹកចិត្តបង្កើតឱ្យមានមជ្ឈមណ្ឌលស្រាវជ្រាវឱសថបុរាណចិន-កម្ពុជា ដែលជាសមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ ឯកឧត្ដមបានមានប្រសាសន៍បន្ថែមថា ការសម្រេចបាននូវការអភិវឌ្ឍសេវាសុខភាពកាន់តែប្រសើរឡើងនៅក្របខណ្ឌទូទាំងប្រទេសនាពេលបច្ចុប្បន្ន គឺកើតឡើងដោយសារសុខសន្តិភាព និងស្ថេរភាព ដែលជាកត្តាសារវន្តមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងភាពប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានកសាងសមិទ្ធផលដ៏ថ្លៃថ្លានេះ និងសូមថ្លែងអំណរគុណជូនចំពោះ លោកជំទាវសាស្រ្តាចារ្យ និងឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រតិភូទាំងអស់ ដែលបានខិតខំលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងរហូតឈានសម្រេចបាននូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃនេះ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា