បាត់ដំបង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១០និង៥០នាទី នៅចំណុចផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូលេខ១០៤-១០៥ ស្ថិតនៅក្នុងភូមិអូរដាលើ ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តធំសឺមីរឺម៉ក និងម៉ូតូបណ្តាលអោយមនុស្សស្លាប់ម្នាក់របួសស្រាលម្នាក់។
លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡេីងដោយរថយន្តធំសឺមីរ៉ឺម៉ក ១គ្រឿង ម៉ាកHOWO ក្បាលពណ៍ស ពាក់ផ្លាកលេខ 72-2281 ផ្លាកលេខកន្ទុយ 714082 អ្នកបើកបរឈ្មោះ ម៉ុង ឃុនឆៃ ភេទប្រុស អាយុ២៩ឆ្នាំ (ជាជនជាតិថៃ) បើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើត បានបុកនឹងម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AP-9350 បើកបរពីកើតទៅលិចអ្នកបើកបរឈ្មោះ គង់ អុឹម ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង (របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ឈន ធឿន ភេទស្រី អាយុ៤២ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ត្រូវជាប្រពន្ធ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានបញ្ជាក់ថា មកពីម៉ូតូមិនប្រកាន់ស្តាំទើបរថយន្តបុកពេញទំហឹងតែម្ដង។
បច្ចុប្បន្ន នគរបាលស្រុកកំរៀងបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីដោះស្រាយតាមនីតីវិធី។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ