កំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា បច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល បណ្ដាលឱ្យកើតមាននូវជំងឺថ្មីៗជាបន្តបន្ទាប់ ជាពិសេសថ្មីៗនេះមានប្រភេទជំងឺ ហ្ស៊ីកា ដែលជាជំងឺកាចសាហាវប្រភេទថ្មី បានឆ្លងចូលមកក្នុងខេត្តកំពង់ធំរបស់យើង ០១ករណីផងដែរកាលពីថ្មីៗកន្លងទៅនេះ ។
ឯកឧត្តម ងួន រតនៈ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺចំនួន ១២៥នាក់ កំពុងសម្រាកទទួលសេវាសុខាភិ បាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ នាថ្ងៃពុធ ១២រោចខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
ដើម្បីចៀសវាងការឆ្ងងជំងឺ ឯកឧត្តម ងួន រតនៈ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ថែមការយល់ដឹងពីប្រភេទជំងឺនីមួយៗ ត្រូវមានការការពារប្រុងប្រយ័ត្ន និងត្រូវថែរក្សាសុខភាពមានអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ។ ឯកឧត្តម ក៏បានណែនាំដល់មន្រ្ដីសុខាភិបាលទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ព្យាបាល ថែទាំអ្នកជំងឺ និងជូនពរដល់អ្នកជំងឺទាំងអស់ ឆាប់ជាសះស្បើយដើម្បីបានជួបជុំក្រុមគ្រួសារ នាឱកាសបុណ្យភ្ជុំបិណ្យនេះ ។
ឯកឧត្តម ងួន រតនៈ បានកោតសរសើរដល់មន្ទីរពេទ្យបង្អែកខេត្ត ដែលរៀបចំបានស្អាតមានអនាម័យ ផ្ដល់បរិយាកាសល្អសម្រាប់អ្នកជំងឺ ។ អាគារទាំងអស់ត្រូវបានជួសជុលកែលម្អ ហើយបណ្ដាញផ្តល់សេវាសុខាភិបាលប្រចាំថ្ងៃ ទៅតាមមុខសញ្ញាវេជ្ជសាស្ត្រ មានរហូតដល់ទៅ២៣ផ្នែក។
នេះជាការយកចិត្តទុកដាក់របស់មន្ត្រីសុខាភិបាល តាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលដោយត្រូវពង្រឹងការផ្តល់សេវាសាធារណៈ ជាពិសេសសេវាសុខភាព គឺត្រូវតែលើកកម្ពស់ និងបន្តការយកចិត្តទុកដាក់តទៅទៀត ។
គួរបញ្ជាក់ផងដែរ ថាអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តនាពេលនេះ ទទួលបានការឧបត្ថម្ភ នូវឃីតម្នាក់១កញ្ចប់ ក្នុងនោះរួមមាន ទឹកដោះគោ, មី, ត្រីខកំប៉ុង, ស្ករសរ និងថវិកាមួយចំនួនផងដែរ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា