រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចឥណ្ឌូណេស៊ី សន្យាផ្តល់អ្នកបច្ចេកទេសដើម្បីបណ្តុះបណ្តាលសិល្បៈករ មានពិការភាពនៅកម្ពុជា

0

ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានជួបពិភាក្សា ការងារទ្វេភាគី ជាមួយលោកជំទាវ ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាសៀលថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ សេរ៉ាថោន ទីក្រុងម៉ាកាសា នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី។

ឯកឧត្តម ឯម ច័ន្ទមករា បានពាំនាំនូវការ សុំអធ្យាស័យពីសំណាក់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានធុរបន្ទាន់ មិនអាច អញ្ជើញចូលរួមក្នុងវេទិកាអាស៊ានជាន់ខ្ពស់ ស្តីពី “អភិវឌ្ឍន៍បរិយាបន្នពិការភាព និងភាពជាដៃ គូលើសពីឆ្នាំ២០២៥” ដោយផ្ទាល់បាន។

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងនូវការអបអរសារទរជូនចំពោះលោកជំទាវ ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះ នៃវេទិកាអាស៊ានជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលបានបញ្ចប់ទៅ ប្រកបដោយក្តីមោទនភាពដ៏ធំធេងសម្រាប់បណ្តាប្រទេសអាស៊ាន នៃវិស័យសង្គមកិច្ច ពិសេសក្នុងអំឡុង ពេលដែលសាធារណរដ្ឋឥណ្ឌូណេស៊ី កំពុងតែធ្វើជាប្រធានអាស៊ាន ២០២៣។

ឯកឧត្តម ឯម ច័ន្ទមករា បានជម្រាបជូនលោកជំទាវ រដ្ឋមន្ត្រីក្រសួងសង្គម កិច្ចនៃសាធារណរដ្ឋឥណ្ឌូណេស៊ីថា គោលបំណងនៃ កិច្ចពិភាក្សា ទ្វេភាគី នាពេលនេះ គឺដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រសួងសង្គមកិច្ចនៃប្រទេសទាំងពីរ ឱ្យកាន់តែទំលាយជាងមុនដើម្បីផលប្រយោជន៍របស់ជនមានពិការភាព។

ជាមួយគ្នានេះ ឯកឧត្តម ឯម ច័ន្ទមករា បានកោតសរសើរនូវភាព ជាអ្នកដឹកនាំរបស់លោកជំទាវ ទ្រី រីសមហារីនី ដែលបានដឹកនាំ ក្រសួងសង្គមកិច្ច នៃសាធារណរដ្ឋឥណ្ឌូណេស៊ីមានការរីកចម្រើន ពិសេសបានផ្តល់នូវផលប្រយោជន៍ ជាច្រើនដល់ជនមាន ពិការភាព។

ក្នុងជំនួបនោះ ឯកឧត្តម ឯម ច័ន្ទមករា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ចំពោះសុខុមាលភាព របស់ ជនមានពិការ ស្របតាមអនុសញ្ញា ស្តីពីសិទ្ធិជនមានពិការភាព និងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ របស់កម្ពុជា។

លើសពីនេះទៀត ឯកឧត្តម ឯម ច័ន្ទមករា បានកត់សម្គាល់ផងដែរថា ប្រធានបទដែលត្រូវបានជ្រើសរើសសម្រាប់ វេទិកាអាស៊ាន ជាន់ខ្ពស់ និងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក មានគោលបំណងពន្លឿននិងសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែជា រួមរបស់ រដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវរបៀបវារៈនៃការ អនុវត្តថ្នាក់ជាតិ និងថ្នាក់តំបន់នៃផែនការមេឆ្នាំ២០២៥៖ ការបញ្ជ្រាបសិទ្ធិជនមានពិការភាព នៅក្នុងសសរស្ដម្ភទាំងបី ពិសេសផ្តោតលើផាសុកវត្ថុ (Accessiblity)។

ឯកឧត្តម លើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងអនុវត្តន៍នូវ ការផ្តល់កម្មវិធីជំនួយសង្គមសម្រាប់ជនងាយរង គ្រោះពិសេសជនមានពិការភាព ដែលជា រួមកម្ពុជាបានចំណាយថវិកាអស់ជាង ១ ២០០លានដុល្លារ សម្រាប់កម្មវិធីជំនួយសង្គម សម្រាប់ជនងាយរងគ្រោះនៅកម្ពុជា។

ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញនូវក្តីរំភើបរីករាយដោយ បានឃើញពី សមត្ថភាពនៃការសម្តែងសិល្បៈរបស់សិល្បករ សិល្បការិនី មានពិការភាពរបស់ សាធារណរដ្ឋឥណ្ឌូណេស៊ី រាប់រយនាក់ នៅក្នុងពិធីលៀង សាយភោជន៍ជូនគណៈប្រតិភូ អាស៊ានទាំងអស់ ដោយបង្ហាញពីសមត្ថភាពសម្តែង ដ៏ប៉ិនប្រសព្វ ដែលជនមិនមានពិការ ទូទៅមួយចំនួនមិនអាចសម្តែងបាន។ ក្នុងន័យនេះ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើដល់ រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី តាមរយៈលោកជំទាវរដ្ឋមន្ត្រី ដើម្បីជួយផ្តល់អ្នក ជំនាញដើម្បី បណ្តុះ បណ្តាលផ្នែកសម្តែងសិល្បៈនេះដល់ជនមានពិការកម្ពុជា។

ឯកឧត្តម ឯម ច័ន្ទមករា ក៏បានស្នើឱ្យមានការផ្លាស់ប្តូរទស្សន កិច្ចសិក្សារវាង ប្រទេសទាំងពីរ ដើម្បីមានឱកាសដកបទពិសោធន៍ ពីគ្នាទៅវិញទៅមកក្នុងវិស័យសង្គមកិច្ច ពិសេសការងារពិការងារដើម្បីធ្វើឱ្យស្ថានភាពជនមានពិការភាពនៃប្រទេសទាំងពីរ កាន់តែ មានភាពប្រសើរឡើង។   ឯកឧត្តម បានបង្ហាញនូវក្តីសង្ឃឹម ក្នុងនាម ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ថា ថ្ងៃណាមួយលោកជំទាវ ទ្រី រីសមហារីនី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នឹងអញ្ជើញធ្វើទស្សនកិច្ចទៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបាន ទស្សនានូវសមទ្ធិផលនានាក្នុងវិស័យពិការភាពនៅកម្ពុជា។

ជាមួយគ្នានោះ លោកជំទាវ ទ្រី រីសមហារីនី បានស្វាគមន៍ ចំពោះ កិច្ចសហប្រតិបត្តិការណ៍របស់ប្រទេស ទាំងពីរគឺសាធារណរដ្ឋ ឥណ្ឌូណេស៊ី និងកម្ពុជា។ លោកជំទាវរដ្ឋមន្ត្រីក៏បានចែករំលែកនូវបទពិសោធន៍មួយចំនួនពាក់ព័ន្ធ នឹងវិស័យពិការភាព នៅសាធារណរដ្ឋឥណ្ឌូណេស៊ី ដោយបានលើកឡើងថា សាធារណរដ្ឋឥណ្ឌូណេស៊ី បានធ្វើកិច្ចការជាច្រើនឆ្នាំ ហើយក្នុងការបង្កើត នូវមជ្ឈមណ្ឌលសម្រាប់ជនមានពិការភាពរហូត ៥១មណ្ឌល និងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ ជនមានពិការ ភាពចំនួន ៦មណ្ឌល ហើយដែលមជ្ឈមណ្ឌលទាំងនោះកំពុងផ្តល់សេវាដល់ជនមានពិការភាព។

លោកជំទាវរដ្ឋមន្ត្រី ទ្រី រីសមហារីនី បានមានប្រសាសន៍ថែមទៀតថា ក្នុងមជ្ឈមណ្ឌលសម្រាប់ជនមានពិការភាពទាំងនោះ គឺមានសកម្មភាពជាច្រើន ដោយរួម បញ្ចូលទាំងកម្មវិធីផ្នែកសេដ្ឋកិច្ច និងនិរន្តភាពនៃការធ្វើអាជីវកម្ម ដែលធ្វើដូច្នេះគឺមិន ត្រឹមតែការការពង្រឹងនូវភាពជាម្ចាស់ការរបស់ជនមានពិការទេ ប៉ុន្តែជាការធ្វើឱ្យពួកគេ មានការរស់នៅប្រសើរឡើង។

ជាថ្មីម្តងទៀត លោកជំទាវរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចសាធារណរដ្ឋឥណ្ឌូណេស៊ី បានសម្តែងនូវការស្វាគមន៍ ក្នុងការពង្រឹងនូវ កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ដោយឯកភាពថា នឹងសិក្សាពីគ្នាទៅវិញទៅមក ជាពិសេស ការដោះស្រាយ កាត់បន្ថយបញ្ហាជីវភាពរស់នៅរបស់ជនមានពិការភាព ពីព្រោះនេះគឺជាមូលដ្ឋានគ្រឹះនៃ ការរស់នៅរបស់ជនមានពិការភាព។

លោកជំទាវរដ្ឋមន្ត្រី ទ្រី រីសមហារីនី បានទទួលយកសំណើរបស់ឯកឧត្តម ឯម ច័ន្ទមករា និងបានសន្យា ផ្តល់អ្នកបច្ចេកទេស ដើម្បីបណ្តុះបណ្តាលសិល្បករ មានពិការភាព នៅកម្ពុជា៕

ប្រភ​ព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា