ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡា គិតពិចារណាអំពីការតម្រង់ទិសការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដល់សិស្សចាប់តាំងពីថ្នាក់ទី៩ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា នាពេលអនាគត គួរតែមានការគិតពិចារណាតម្រង់ទិសរវាងចំណេះដឹងទូទៅ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពីព្រោះប្រទេសនានាអនុវត្តកម្មវិធីនេះ ហើយពេលខ្លះ សិស្សមិនចាំបាច់រៀនឱ្យចប់ថ្នាក់ទី១២ ទើបទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នោះទេ។ ជួនកាលពីថ្នាក់ទី៩ ឬថ្នាក់ទី១០ ត្រូវមានជម្រើសឲ្យសិស្សផងដែរ ដោយតម្រង់ទិសការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ពួកគេ ជាពិសេសសិស្សនៅតាមជនបទ។
សម្តេចធិបតីមានប្រសាសន៍ថា៖ «ចេញទៅ តម្រង់ទិស ធ្វើការហ្មង! ៣ឆ្នាំដូចគ្នា តែចេញទៅជំនាញខាងអី ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍប្រទេសរបស់យើង។ កិច្ចការងារនេះ ខ្ញុំបានប្រគល់ភារៈកិច្ចឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ។ យើងបានគិតតាំងពីមុនបោះឆ្នោត។ យើងបានគិតជា Concept នេះ។ សុំឲ្យក្រសួងការងារ និងក្រសួងអប់រំត្រូវពិនិត្យមើល ព្រោះជួនកាល យើងអត់ចាំបាច់១២ឆ្នាំ ថាអប់រំហ្នឹងទាល់តែអប់រំក្នុងសាលាយកបាក់ឌុបទេ»។
សម្តេចធិបតីមានប្រសាសន៍ដូច្នេះ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព» ដែលប្រារព្ធធ្វើឡើង កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រសាសន៍បន្ថែមថា៖ «ឧទាហរណ៍ គាត់មានជំនាញចង់ទៅខាងបច្ចេកទេសរ៉ូបូត (Robot) មិនបាច់ចាំទៅរៀនបាក់ឌុប។ គាត់រៀនអាហ្នឹងទៅយកហើយពេលចប់ គាត់មានសញ្ញាបត្រមួយដែលអាចទទួលស្គាល់។ ថ្ងៃក្រោយគាត់ចង់ត្រឡប់មករៀនបរិញ្ញាបត្រ រៀនអី គាត់អាចបាន។ គិតអាហ្នឹងដើម្បីយើងបើកច្រក។ កុំឲ្យគាត់មកទៅតាមទិសមួយចប់ពីហ្នឹងទៅមហាវិទ្យាល័យ …។ អ៊ីចឹង បានយើង ក្នុងវិធានគោលនយោបាយអាទិភាព៦ចំណុចនេះ ១,៥លាននាក់ដែលយើងរៀបចំ សម្ដេចតេជោក៏បានរៀបចំ ហើយនឹងបន្តទៀត»។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តភ្លាមៗចាប់ពីឆ្នាំ ២០២៣ នេះតទៅនូវគោលនយោបាយអាទិភាពចំនួន៦ចំណុច។ ក្នុងនោះ ចំណុចអាទិភាពទី២បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសមានចំនួន១,៥លាននាក់នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។
នៅក្នុងចំណុចអាទិភាពទី២នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងកាលពីដើមខែកញ្ញា ឆ្នាំ២០២៣ ថា យុវជនដែលជាកូនអ្នកក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដើម្បីពួកគេអាចយកទៅប្រកបរបរចិញ្ចឹមជីវិតបានងាយស្រួល។
ឯកឧត្តមមានប្រសាសន៍ថា គោលនយោបាយអាទិភាពចំនួន៦ចំណុចនេះគឺជាគោលនយោបាយគាំពារប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ ឯកឧត្តមបន្ថែមថា៖ «គោលនយោបាយនេះ គឺជាក្តីសង្ឃឹមយ៉ាងកក់ក្តៅរបស់ប្រជាពលរដ្ឋខ្មែរ បន្តពីរាជរដ្ឋាភិបាលសម្តេចតេជោ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ «អ៊ីចឹង យើងគិតគូរ ហើយកុំចាំដល់ថ្នាក់ទី១២ ឬថ្នាក់ទី១១។ ថ្នាក់ទី៨ ទីអីហ្នឹង បង្រៀនឲ្យគាត់យល់ដឹងទៅ! ហៅឪពុកម្ដាយមកតែម្ដងទៅ តែកុំបង្ខំគាត់ ឲ្យគាត់រើសវិញ។ បង្រៀនមិនបាច់ចាំថាទាល់តែយកសញ្ញាប័ត្របាក់ឌុបពីក្រសួងអប់រំទេ។ គាត់រៀន១២ឆ្នាំ ចេញទៅមានជំនាញ បានសញ្ញាបត្រខាងបច្ចេកវិទ្យា IT ឬមួយខាងវិស្វករសំណង់ មិនបាច់ថាដល់កម្រិតខ្ពស់ក៏បានដែរ។ អគ្គិសនីត្រឹមកម្រិតបឋម គាត់ចេញទៅថ្នាក់ទី១២ក៏បានដែរ ហើយថ្ងៃក្រោយគាត់មានសមត្ថភាពបើកច្រកមកវិញពេលដែលគាត់ឡើងទៅមុខ»។
សម្តេចធិបតីបញ្ជាក់ថា កិច្ចការនេះទាមទារការសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ឋ និងហិរញ្ញវត្ថុ ពីព្រោះកិច្ចការនេះក៏ត្រូវមានថវិកាផងដែរ ហើយការតម្រង់ទិសបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះត្រូវមានការគិតគូរ ពីព្រោះគោលដៅរបស់រាជរដ្ឋាភិបាលត្រូវឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងតម្រូវការការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជា។
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧បានកំណត់ថា ប្រជាជនកម្ពុជា «មានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត» ប្រកបដោយអំណត់ធន់ សហគ្រិនភាព ការនវានុវត្ត និងសីលធម៌ប្រពៃ ដោយរដ្ឋធានាផ្ដល់សេវាអប់រំជាមូលដ្ឋានសម្រាប់ទាំងអស់គ្នាយ៉ាងតិចត្រឹមថ្នាក់ទី៩ បំពាក់ជំនាញ និងបច្ចេកវិទ្យា ដែលជាតម្រូវការទីផ្សារការងារ និងធុរកិច្ច ពង្រឹងការបណ្តុះបណ្តាល និងការផ្លាស់ប្តូរជំនាញ ស្របនឹងតម្រូវការទីផ្សារការងារ។
យុទ្ធសាស្ត្របញ្ចកោណនេះក៏បានកំណត់អំពីការបង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេស សម្រាប់យុវជន តាមរយៈការពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលជំនាញ ទាំងជំនាញរឹង និងជំនាញទន់ ឱ្យសមស្របនឹងតម្រូវការក្នុងទីផ្សារការងារ។
យុទ្ធសាស្ត្របញ្ចកោណនេះថែមទាំងបានកំណត់អំពីការផ្ដល់ព័ត៌មានឱ្យបានទូលំទូលាយអំពីទីផ្សារការងារ ការកែលម្អលក្ខខណ្ឌការងារប្រកបដោយផាសុកភាព ការលើកកម្ពស់ផលិតភាព ការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងធុរកិច្ច និងការជំរុញ និងការទាក់ទាញការវិនិយោគទាំងការវិនិយោគក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស។
រាជរដ្ឋាភិបាលគ្រោងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១,៥លាននាក់នៅចុងឆ្នាំ២០២៣ នេះតទៅ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា