ភ្នំពេញ៖ ប្រមុខការទូតកម្ពុជានិងរដ្ឋមន្ត្រីការបទេសប្រេស៊ីលបានឯកភាពជាមួយគ្នាពង្រឹង ទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហបតិបត្តិការទ្វេរភាគី។
ការឯកភាពនេះក្នុងជមនួបរវាង ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម Mauro Vieira រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវ ការរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះសន្ទុះជាវិជ្ជមាននៃមិត្តភាព និង ទំនាក់ទំនងដែលកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបជូនគណៈប្រតិភូមិត្តអំពីវឌ្ឍនភាពនៃដំណើរការរៀបចំបើកស្ថានទូតកម្ពុជា នៅរដ្ឋធានី Brasilia នាពេលខាងមុខ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប្រេស៊ីល ដែលបានសម្រប សម្រួលក្នុងដំណើរ ការនេះ។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេស Mauro Vieira បានឱ្យដឹងថា រដ្ឋាភិបាលប្រេស៊ីល បានសម្រេចចិត្ត បើកស្ថានទូតប្រេស៊ីល នៅភ្នំពេញ នៅឆ្នាំ២០២៤ ដែលគូសបញ្ជាក់ពីសារៈសំខាន់ របស់កម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសប្រេស៊ីល ក៏បង្ហើបពីគម្រោងបេសកកម្មពាណិជ្ជកម្ម របស់គណៈប្រតិភូវិស័យឯកជន ប្រេស៊ីល មកបំពេញទស្សនកិច្ចកម្ពុជា នៅឆ្នាំក្រោយផងដែរ។ ភាគី ទាំងពីរបានឯកភាពពិនិត្យលទ្ធភាពនៃការចរចាកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការ និងការ សម្រួលការវិនិយោគ ឱ្យបានឆាប់តាមអាចធ្វើបាន។
ភាគីទាំងពីរក៏បានពិភាក្សាអំពីផែនការសកម្មភាព សំដៅពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ វិធានការទាំងនេះរួមមាន សកម្មភាពអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣០នៃទំនាក់ទំនងការទូតរវាងកម្ពុជា និង ប្រេស៊ីល នៅឆ្នាំ ២០២៤ សកម្មភាព ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម អប់រំ និងកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថាន ការទូត ព្រមទាំងសកម្មភាពបង្កើនកិច្ចសហការបច្ចេកទេស និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព។
ទន្ទឹមនេះ កម្ពុជាបានបង្ហាញការត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំពិគ្រោះយោបល់ ទ្វេភាគីលើកទី២ រវាងក្រសួងការបរទេស ទាំងពីរ នៅឆ្នាំក្រោយ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បាន ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីកង្វល់រួមផងដែរ។
ទោះបីកម្ពុជានិងប្រេស៊ីលមានទីតាំងភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាក ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង មិត្តភាពទ្វេភាគី និងកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីផលប្រយោជន៍រួម នៃស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព សម្រាប់ប្រជាជនទាំងពីរ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា