ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ

0

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋាន របស់ខ្លួន នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺដើម្បីជួយមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខណៈ ដែលពួកគាត់ចេញអស់ពីផ្ទះ ទៅស្រុកកំណើត ឬទៅតាមបណ្តាលខេត្តនានា ហើយអាជ្ញាធរ ខណ្ឌទាំង១៤ កម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធ ត្រូវត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក ឱ្យបានអធិកអធម និងល្អប្រសើរ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។

ឯកឧត្ដម  ឃួង ស្រេង បានជំរុញបែបនេះ  នៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀប ចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយការចូលរួម ពីស្នងការដ្ឋានរាជធានីភ្នំពេញ​ ទីបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី អភិបាលខណ្ឌ ទាំង១៤ និងមន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ  នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសាលា រាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា  អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំង មានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅ ក្នុងមូលដ្ឋាន ដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដោយនៅក្នុងពិធីបុណ្យនេះ ពួកគាត់ ភាគច្រើន ចេញអស់ពីផ្ទះ ដើម្បីទៅស្រុកកំណើត ឬទៅតាមបណ្តាលខេត្ត ដូចនេះអាជ្ញាធរ មានសមត្ថកិច្ចត្រូវមើលថែទ្រព្យសម្បត្តិ ជំនួសពួកគាត់។ កិច្ចការពារសន្តិសុខនេះ ក៏ត្រូវ បន្តរហូតដល់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ក្រោយ ពីព្រះរាជពិធីនេះបានអាកខានអស់ជាច្រើនឆ្នាំដោយសារការរាត្បាតដោយជំងឺកូវីដ-១៩។

លើសពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំ គណៈកម្មការរួចរាល់ហើយ ដែរ ដើម្បីឱ្យព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។   ក្នុងកិច្ច ប្រជុំនេះដែរ ក៏បានបង្ហាញពីគម្រោង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុកឆ្នាំនេះផងដែរ។ បើតាម គម្រោងព្រះរាជពិធី បុណ្យអុំទូកឆ្នាំ នេះនឹងមាន ទូក ង ចូលរួមប្រណាំងប្រ មាណជាង៣០០ទូក (រាជធានីភ្នំពេញមាន ប្រមាណជាង៤០ទូក), មានកីឡាករ កីឡាការិនីចំណុះទូក ប្រមាណជិត២ម៉ឺននាក់ និងមានប្រទីប ចូលរួមប្រមាណជាង២០ប្រទីប។ ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់ កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីត ឃ្លាំងសាំងក្នុង ខណ្ឌឫស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍ OCIC ខាងជើងរង្វង់ មូលនាងមច្ឆា ខណ្ឌជ្រោយចង្វារ មួយទីតាំងទៀត ហើយទីតាំងទាំង២នេះនឹងការ រៀបចំបណ្តាញទឹក ភ្លើង និងបង្គន់អនាម័យយ៉ាងល្អប្រសើររួចជាស្រេចផងដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា