អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ នឹងបិទជាស្ថាពរនៅម៉ោង ០០នាទីយប់ ថ្ងៃទី១៦ ខែតុលា

0

សៀមរាប៖ បើ​តាម​មន្ត្រីជាន់ខ្ពស់​អាកាសចរណ៍​ស៊ី​វិល បាន​ឲ្យ​ដឹង​ថា អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប ដែល​ស្ថិត​នៅ​ក្បែរ​ប្រាស​ទ​អង្គរវត្ដ នឹង​ត្រូវ​បញ្ចប់​ការ​ចុះ​ចត​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង ០០​យប់ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣​ខាង​មុខ​នេះ ខណៈ​ដែល​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​-​អង្គរ​ថ្មី ក៏​នឹង​ត្រូវ​បាន​ចាប់ផ្ដើម​បើក​ជើង​ហោះ​ជា​ផ្លូវការ​នៅ​ថ្ងៃ​តែ​មួយ​តែ​ម្ដង​។

ឯកឧត្ដម ប៊ុ​ន រ​ដ្ឋា នាយក​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប និង​ជាទី​ប្រឹក្សា​រដ្ឋលេខាធិការដ្ឋាន​អាស​ចរណ៍​ស៊ី​វិល បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ប្រមាណ ៣​ឆ្នាំ​កន្លង​មកនេះ អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​-​អង្គរ ត្រូវ​បាន​សាងសង់​រួច​ជា​ស្ថាពរ ហើយ​ត្រូវ​បាន​បើ​ការ​ហោះហើរ​សាកល្បង​ទទួល​បាន​ជោគជ័យ​ផង​ដែរ​។ ក្នុង​នោះ​បុគ្គលិក​ចំនួន ៥០០​នាក់​មក​ជា​ច្រើន​ស្ថាប័ន នឹង​ត្រូវ​ទៅ​បំរើ​នៅ​អាកាសយានដ្ឋាន​ថ្មី ខណៈ​បច្ចុប្បន្ន​នេះ មាន​បុគ្គលិក​ប្រមាណ​៦០​ទៅ​៧០​ភាគរយ បាន​ទៅ​បំពេញការងារ​ដែល​ស្ថិត​នៅ​ស្រុក​សូទ្រនិគម មាន​ចំងាយ​យ​ជាង ៤០​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់​។

ឯកឧត្ដម​បាន​បញ្ជាក់​ថា អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប ស្ថិត​នៅ​ក្រុង​សៀមរាប បាន​ចាប់​បើក​ដំណើរការ​ដំបូង​ក្នុង​ឆ្នាំ​១៩៣២ ក្នុង​សម័យ​អ​ណា​និគម​បារាំង និង​បាន​កែ​លម្អ​ស្ថានភាព​សំណង់​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​ឆ្នាំ​១៩៥៥ ហើយ​នៅ​ឆ្នាំ​១៩៧០ អាកាសយានដ្ឋាន​បាន​បិទទ្វារ​ដោយសារ​សង្គម​ស៊ី​វិល​នៅ​កម្ពុជា ហើយ​បើក​ដំណើរការ​ទ្បើ​ង​វិញ​ម្តងទៀត​ក្នុង​ឆ្នាំ​២០០៦​។ អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​ចាស់ មាន​ទីតាំង​តូច និង​ជិត​ប្រាសាទអង្គរវត្ដ ដែល​មិន​អាច​ចុះ​ចត​យន្ដហោះ​ធំ​ៗ​បាន នឹង​បិទ​ការ​ហោះហើរ​ជា​ផ្លូវការ​ចាប់ពី​ម៉ោង​០០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែ​តុល​ខាង​មុខ​នេះ ខណៈ​អាកាសយានដ្ឋាន​អន្ដរជាតិ​សៀមរាប​-​អង្គរ​ថ្មី ជា​សមិទ្ធិ​ផល​ដ៍​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​ក​ម្បុ​ជា​។

សូម​បញ្ជាក់​ជូន​ថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី បាន​វិនិយោគ​ទឹកប្រាក់​ចំនួន ១.១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មាន​ចំណត​សម្រាប់​ចត​អាកាសយាន​ចំនួន​៣៨ ចំណត​មាន​សមត្ថភាព​ទទួល​អ្នកដំណើរ​តាម​ផ្លូវអាកាស​បាន ៧​លាន​នាក់ ក្នុង​ឆ្នាំ​២០២៤ និង​១២​លាន​នាក់ ក្នុង​ឆ្នាំ​២០៤០​ខាង​មុខ ហើយ​មាន​សមត្ថភាព​ផ្ទុកទំនិញ​តាម​ផ្លូវអាកាស​បាន ចំនួន​១០.០០០​តោន ក្នុង​ឆ្នាំ​២០២៤ និង ២៦.០០០​តោន ក្នុង​ឆ្នាំ​២០៤០​ខាង​មុខ​៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប