ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដំឡើងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ ស្ត្រីមានផ្ទៃពោះ ដែលជាសមាជិក ប.ស.ស. ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តគាំពារស្រ្តី អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ បើតាមរបាយការណ៍ថ្មីមួយ គិតពីដើម ខែសីហា ឆ្នាំ២០២៣ ដល់ដើមសប្តាហ៍ទី០១ ខែតុលា ឆ្នាំ២០២៣ មានស្ត្រីចំនួនជាង៤ម៉ឺន៣ពាន់នាក់ បានទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈទូទាំងប្រទេស ដោយប្រើប័ណ្ណ ប.ស.ស.។
កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ឈ្មោះ កួន ស្រីទូច ដែលមកសម្រាលកូនទី២ នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប័ណ្ណសមាជិក ប.ស.ស. ប្រាប់ថា គាត់មិនមានការចំណាយលុយក្នុងការសម្រាលកូន និងសម្រាកក្នុងមន្ទីរពេទ្យនោះទេ ហើយថែមទាំងទទួលបានលុយឧបត្ថម្ភពីរាជរដ្ឋាភិបាល ៨០ម៉ឺនរៀលទៀត។
កម្មការិនីរូបនេះ លើកឡើងថា មុនពេលសម្រាលកូន គាត់ក៏ទទួលបានលុយ ៨ម៉ឺនរៀល សម្រាប់ការពិនិត្យផ្ទៃពោះម្តងផងដែរ។ កម្មការិនី កួន ស្រីទូច ប្រាប់ថា ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ គឺមិនពិបាកទេ ដោយមុនដំបូងត្រូវយកឯកសារទៅដាក់នៅការិយាល័យ ប.ស.ស. រួមមាន ប័ណ្ណ ប.ស.ស. អត្តសញ្ញាណប័ណ្ណ សៀវភៅពិនិត្យផ្ទៃពោះ ដើម្បីទទួលឯកសារបញ្ជាក់ពី ប.ស.ស. បន្ទាប់មកគឺភ្ជាប់ឯកសារនោះ យកទៅពិនិត្យផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យបានហើយ។
ចំណែក កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ម្នាក់ទៀត ឈ្មោះ ជឹម ហ៊ា ដែលត្រៀមសម្រាលកូនដំបូង នៅមន្ទីរពេទ្យព្រះអង្គឌួងនេះដែរ បានឱ្យដឹងថា គាត់តែងមកពិនិត្យផ្ទៃពោះជាទៀងទាត់តាមកាលកំណត់របស់គ្រូពេទ្យ។ កម្មការិនីរូបនេះ សម្តែងភាពរីករាយចំពោះការទទួលបានអត្ថប្រយោជន៍បន្ថែមពីការប្រើប័ណ្ណ ប.ស.ស. ដោយសារការពិនិត្យផ្ទៃពោះមិនអស់លុយ ហើយថែមទាំងទទួលបានលុយ ៨ម៉ឺនរៀលសម្រាប់ការពិនិត្យផ្ទៃពោះម្តង រួមនិងទទួលបានលុយ ៨០ម៉ឺនរៀល ពេលសម្រាលកូនទៀត។ បន្ថែមពីនេះ ក្រោយពេលសម្រាលកូន គាត់នឹងទទួលបានលុយឧបត្ថម្ភ រហូតដល់កូន អាយុក្រោម២ឆ្នាំផងដែរ។
ក្នុងឱកាសនោះ លោកស្រី ឃួន វ៉ាន់ឌី អនុប្រធានការិយាល័យ នៃមន្ទីរពេទ្យព្រះអង្គឌួង ទទួលបន្ទុកផ្នែក ប.ស.ស. បានឱ្យដឹងថា រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ មានស្ត្រីមកពិនិត្យផ្ទៃពោះ និងសម្រាលកូន ចំនួនជាង២ម៉ឺន៦ពាន់នាក់ នៅមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈការប្រើប័ណ្ណ ប.ស.ស.។
លោកស្រី លើកទឹកចិត្តចំពោះស្ត្រីមានផ្ទៃពោះ មានប័ណ្ណ ប.ស.ស. មកពិនិត្យផ្ទៃពោះឱ្យបានទៀតទាត់តាមកាលកំណត់របស់គ្រូពេទ្យ ដើម្បីធានាបាននូវ សុវត្ថិភាពរបស់ម្តាយ និងកូនក្នុងផ្ទៃ ក៏ដូចជាអាចទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស. បានឆាប់រហ័សផងដែរ។
លោកស្រី បញ្ជាក់ថា ខាង ប.ស.ស. បានផ្តល់កម្មវិធីស្វ័យ ប្រវត្តិកម្មទិន្នន័យ មកខាងមន្ទីរពេទ្យ ដែលមានភាពងាយស្រួលសម្រាប់មន្ទីរពេទ្យអាចបញ្ចូល ព័ត៌មានរបស់ស្ត្រីមកពិនិត្យ និងសម្រាលកូននៅក្នុងមន្ទីរពេទ្យ ហើយបញ្ជូនទៅកាន់ផ្នែក ប.ស.ស. វិញ បានឆាប់រហ័សដើម្បីបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ជូនអ្នកជំងឺមានផ្ទៃពោះ។
សូមបញ្ជាក់ថា ក្រោយពេលដែលស្ត្រីមានផ្ទៃពោះ បានបំពេញតាមលក្ខខណ្ឌកំណត់ហើយនោះ ប.ស.ស. នឹងចាប់ផ្ដើមទទួលបានប្រាក់ឧបត្ថម្ភ ជា៣ដំណាក់កាល ស្មើនឹងចំនួន ១៥លើក គឺចាប់តាំងពីពិនិត្យផ្ទៃពោះ ពេលសម្រាលកូន រហូតដល់កូនមានអាយុក្រោម២ឆ្នាំ។ ក្នុងនោះសម្រាប់ដំណាក់កាលទី១ ជាដំណាក់កាលដែលស្ត្រីទៅពិនិត្យផ្ទៃពោះចំនួន ៤ដង ដោយការ ពិនិត្យផ្ទៃពោះក្នុងមួយដងៗនឹងទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល។ ដំណាក់កាលទី២ នៅពេលសម្រាល ដែលនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនមួយ បើក្នុងករណីកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន២សែនរៀល ហើយបើកូនភ្លោះបី នឹងទទួលបានរហូតដល់ ១លាន៦សែនរៀល ព្រមទាំងប្រាក់ឧបត្ថម្ភផ្ទាល់របស់សម្ដេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៥លានរៀលបន្ថែមទៀត។ ចំណែក ដំណាក់កាលទី៣ ជាដំណាក់ក្រោយសម្រាល រហូតកូនមានអាយុក្រោម២ឆ្នាំ នឹងទទួលបានការឧបត្ថម្ភបន្ថែមចំនួន ១០លើក ដោយក្នុងមួយលើកៗទទួលបានថវិកាចំនួន ៨ម៉ឺនរៀល ក្នុងនោះមានការពិនិត្យសុខភាពសម្រាប់ម្តាយចំនួន៣លើក និងការចាក់វ៉ាក់សាំងសម្រាប់កូន ចំនួន៧លើក។
លើសពីនេះ ស្រ្តីមានផ្ទៃពោះទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ១២០ភាគរយ នៃប្រាក់ឈ្នួល ដោយ៥០ភាគរយទទួលបានពីម្ចាស់រោងចក្រ និង៧០ភាគរយបានពី ប.ស.ស ព្រមទាំងអត្ថប្រយោជន៍ផេ្សងៗជាច្រើនទៀត។
គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំនេះ គឺជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ ចាប់តាំងពីកូនក្នុង ផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា