ការផ្តល់ប្រាក់ឧបត្ថម្ភជូនដល់មន្ត្រីរាជការស៊ីវិល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣ បានបន្តអនុវត្ត ក្នុងអាណត្តិទី៧នេះ

0

ភ្នំពេញ៖ យោងតាមអនុក្រឹត្យលេខ៧១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧  និងសេចក្តីជូនដំណឹងស្តីពី «ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣»  របស់ក្រសួងមុខងារសាធារណៈ លេខ ៥០៣០/២៣ មស.សជណ ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣  រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ប្រាក់ឧបត្ថម្ភ ចំនួន ៥០ ០០០ រៀល (ប្រាំម៉ឺន) ក្នុងម្នាក់  នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិឆ្នាំ២០២៣ ដំណាលគ្នាជាមួយនឹងការផ្តល់បៀវត្សប្រចាំខែតុលា។

ការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមមានពិធីបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំប្រពៃណីខ្មែរ  បានចាប់ផ្តើមអនុវត្តតាំងពីអាណត្តិមុនៗមក ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តអនុវត្ត និងផ្តល់ជូនក្នុងអាណត្តិទី៧ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ដោយផ្អែកលើលទ្ធភាពដែលរាជរដ្ឋាភិបាលបានសន្សំសំចៃ ដើម្បីចែករំលែកដល់មន្ត្រីរាជការគ្រប់ប្រភេទ។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩  បើទោះបីប្រទេសកម្ពុជាកំពុងជួបវិបត្តិទាំងសេដ្ឋកិច្ច និងសង្គមក៏ដោយ ក៏ប្រាក់បៀវត្សរ៍ និងប្រាក់ឧបត្ថម្ភផ្សេងៗរបស់មន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា មន្រ្តីក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងមន្រ្តីភូមិ ត្រូវបានបើកជាទៀងទាត់។ ទោះបីរាជរដ្ឋាភិបាលមិនបានដំឡើងប្រាក់បៀរវត្សរ៍ក៏ដោយ ក៏ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភមិនត្រូវបានកាត់បន្ថយឡើយ ហើយប្រាក់ឧបត្ថម្ភជូនមន្រ្តីរាជការក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងពិធីបុណ្យភ្ជុំបិណ្ឌ នៅតែផ្តល់ជូនជាធម្មតា។

នេះសបញ្ជាក់ឱ្យឃើញច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្នុងការបន្តការពារអត្ថប្រយោជន៍ ការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់ប្រភេទ ដែលបាន និងកំពុងបំពេញបេសកកម្មបម្រើប្រជាជន និងប្រទេសជាតិ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា