កំពង់ចាម៖ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឱ្យដឹងនៅថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ថា កម្លាំងសមត្ថកិច្ចជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកជើងព្រៃ អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូទិព្វ ដោយមានការអនុញ្ញាតពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានឱ្យដឹងទៀតថា ជាលទ្ធផលប្រតិបត្តិការបង្រ្កាបបាន២ករណី ដែល១ករណី ស្ថិតនៅចំណុចមុខទំនប់បឹងជ្រោយ ភូមិបឹងជ្រោយ ឃុំសូទិព្វ ដោយបង្ក្រាបបានលូស្បៃមុងចំនួន១១មាត់, របាំងស្បៃមុងចំនួន៥៥០ម៉ែត្រ បង្គោលចម្រឹងចំនួន១៦៥ដើម, និងចាក់លែងត្រីចម្រុះទម្ងន់ ៣៣គីឡូក្រាម ។ ដោយឡែក១ករណីទៀត នៅនៅចំណុចភូមិចាំនាង ឃុំផ្តៅជុំ ដោយបង្ក្រាបបាន លូស្បៃមុងចំនួន ៩មាត់, របាំងស្បៃមុងចំនួន៤៥០ម៉ែត្រ, បង្គោលចម្រឹងចំនួន១៣៥ដើម, និងចាក់លែងត្រីចម្រុះទម្ងន់២៤គីឡូ ក្រាម ។ ចំពោះវត្ថុតាងដែលបានរឹបអូស ត្រូវដុតបំផ្លាញចោលនៅនឹងកន្លែង ក្នុងថ្ងៃដដែល ដែលការចុះត្រួតពិនិត្យ និងអធិការកិច្ចលើឧបករណ៍នេសាទ ដោយប្រើតាមកម្មវិធីស្មាតធូល (Smart Tools) បានចំនួន១១ចំណុ រកឃើញឧបករណ៍នេសាទខុសច្បាប់ នៅចំណុចចុងព្រែកជីក ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
លោក អ៊ុក ណារិន បានឱ្យដឹងដែរថា ជានិច្ចកាលកម្លាំងសមត្ថកិច្ចជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម តែងតែងបានសហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពតាមបណ្តាស្រុក ចុះធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្តបន្ទាប់ ដើម្បីថែរក្សា ការពារ និងអភិរក្សធនធានជលផល ឱ្យមាននិរន្តរភាព ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា