សៀមរាប៖ លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងទៅកាន់ អ្នកទេសចរជនជាតិកូរ៉េជាង៤០០នាក់ថា ត្បិតតែអាកាសធាតុមានភ្លៀងធ្លាក់ត្រជាក់ត្រជុំ បន្តិចក៏ពិតមែន ក៏ប៉ុន្តែរដ្ឋបាលខេត្តសៀមរាប សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវទេសចរ កូរ៉េទាំងអស់ ដែលមានវត្តមានលើទឹកដី អច្ឆរិយៈនេះ។ ការថ្លែងរបស់លោក អភិបាលរង បែបនេះ បានធ្វើឡើងនៅក្នុងពិធីទទួលទានអាហារសាមគ្គីដែលរៀបចំ ដោយក្រុមហ៊ុន ទេសចរណ៍កូរ៉េ(Tour Fresh) នៅរាត្រីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣។

លោកអភិបាលរងខេត្ត បានប្រាប់ទៅភ្ញៀវទេសចរជនជាតិកូរ៉េទាំងនេះថា ខេត្តសៀមរាប គឺជាប៉ូលទេសចរណ៍ដ៏ល្បីល្បាញរស់ព្រះរាជាណាចក្រកម្ពុជា ដែលមាន ប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងប្រាង្គប្រាសាទបុរាណដទៃទៀត ខេត្តសៀមរាប ក្រៅពីនេះក៏នៅមានសម្បត្តិធនធានដ៏វិសេសវិសាលជាច្រើនទៀត ដូចជា៖ ឧទ្យានជាតិភ្នំគូលែន និងតំបន់បឹងទន្លេសាប ដែលសម្បូរទៅដោយជីវៈចម្រុះ និងធនធាន កម្រជាច្រើនប្រភេទ។ តំបន់ជុំវិញ ក៏មានការបង្កប់ទៅប្រពៃណី ទំនៀម ការរស់នៅរបស់ បងប្អូនប្រជាពលរដ្ឋប្រចាំថ្ងៃ រួមជាមួយសក្កានុពលទេសចរណ៍ខេត្តសៀមរាបជាច្រើនទៀត ដោយផ្សារភ្ជាប់ជា មួយស្នាមញញឹមរួសរាយរាក់ទាក់ប្រកបដោយភាពកក់ក្តៅរបស់ ប្រជាជនកម្ពុជា ចំពោះភ្ញៀវទេសចរ ដែលអញ្ជើញមកពីជុំវិញពិភពលោក។ នៅមុន វិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ខេត្តសៀមរាប បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ និងបានរួមចំណែកដល់ការលើក កម្ពស់ជីវភាពរស់នៅ និងបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។

លោក ពិន ប្រាកដ ក៏មានការរំពឹងថា បន្ទាប់ពីភ្ញៀវទេសចរទាំងនេះត្រឡប់ទៅវិញ ពួកគាត់និងជួយផ្សព្វផ្សាយអំពីសក្កានុពលទេសចរណ៍ នៅខេត្តសៀមរាប ទៅដល់បង ប្អូនជនជាតិកូរ៉េឱ្យមកទស្សនាខេត្តសៀមរាបឱ្យបានកាន់តែច្រើនឡើងវិញ។

លោក អេង ណាំ អ្នកសម្របសម្រួលកម្មវិធីដំណើរកម្សាន្តរបស់ទេសចរណ៍កូរ៉េ បានឱ្យដឹងថា ក្នុងឱកាសស្នាក់នៅខេត្តសៀមរាបរយៈពេល០៤ថ្ងៃនេះ ភ្ញៀវទេសចរកូរ៉េ បានទៅទស្សនានៅតាមប្រាសាទជាច្រើនក្នុងតំបន់អង្គរ និងរមណីយដ្ឋានផ្សេងៗទៀត។ ដោយពួកគាត់បានប្រើប្រាស់នូវសេវាកម្មជាច្រើនមានដូចជា៖ សណ្ឋាគារ រថយន្ត មគ្គុទេ្ទសក៍ ក៏ទេសចរណ៍ ភោជនីយដ្ឋាន ហើយពួកគាត់បានទិញនូវវត្ថុអនុស្សាវរីយ៍ មួយចំនួនផងដែរ ទាំងនេះហើយ ដែលជាចំណូលបានមកពីទេសចរណ៍ និងជួយលើកស្ទួយសេដ្ឋកិច្ច ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបឱ្យល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា នេះជាក្រុមភ្ញៀវទេសចរជនជាតិកូរ៉េដែលច្រើនជាង ដែលមកកម្សាន្ត នៅខេត្តសៀមរាប បន្ទាប់ជួបវិបត្តិកូវីដ-១៩ ហើយបើតាមការគ្រោងទុក នឹងមានភ្ញៀវទេសចរ កូរ៉េក្រុមធំៗបែបនេះ បន្តមកកម្សាន្តនៅខេត្តសៀមរាបទៀត ជាបន្តបន្ទាប់៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា