ភ្នំពេញ៖ មូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) កម្ពុជានៅតែបន្តយកចិត្តទុកដាក់ដល់បងប្អូនដែលជាសមាជិកមូលនិធិត្រីចក្រយានកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ដោយនៅបាននាំយកនូវថវិកានិងគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ជូនពួកគាត់ជាបន្តបន្ទាប់ ដើម្បីជួយសម្រួលការលំបាក់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី ០៧ តុលា ២០២៣នេះ លេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ដោយមានការចាត់តាំងពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាបាននាំយកនូវថវិកានិងគ្រឿងឧបភោគ បរិភោគ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនបងប្អូនដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន២៩៩នាក់បន្តទៀតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីពួកគាត់ប្រើប្រាស់ទៅវត្តធ្វើបុណ្យទាន និងជួបជុំគ្រួសារ ។
លោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា បានមានប្រសាសន៍លើកឡើងថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកអោយឯកឧត្តម ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញជានិច្ច ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៧ តុលានេះ បងប្អូនដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញ បានទទួលថវិកា ៥ម៉ឺន មី ១កេស ទឹកសុទ្ធ១កេស ត្រីខ១យូរ ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បន្ថែមពីលើការឧបត្ថមប្រចាំខែរបស់ពួកគាត់ទៀត ដើម្បីអោយពួកគាត់
បានប្រើប្រាស់បានទៅវត្តធ្វើបុណ្យទាន និងជួបជុំគ្រួសារ ។
លោកបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន យកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺអោយតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណប. ស. ស ដើម្បីឲ្យបងប្អូន អាចទៅព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋនានា ។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល អាវភ្លៀង ជូនពួកគាត់ថែមទៀត ។
គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤ ទៅ៥ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកម្លេះ៕
ប្រភព៖ ក្រសួងព័ត៌មាន