សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រើប្រាស់ស្ពានកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

0

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន​ខ្សែកាប​ តភ្ជាប់រវាងតំបន់អភិវ​ឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ០៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរា​ចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥ តោន ចុះក្រោម​។

នេះបើយោងតាមបណ្តាញសង្គមផេកហ្វេសប៊ុក ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញបាន សរសេរយ៉ាងដូចច្នេះថា «ដើម្បីធា​នានូវលំហូរចរាចរណ៍ត្រង់ចំណុចស្ពានព្រះមុនីវង្ស ​ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផង និងទៅថ្ងៃមុខ​ផង ដែ​ល​អាចធ្វើឱ្យប្រជាពលរ​ដ្ឋចំណេញពេលវេ​លា និងថវិកាក្នុងការធ្វើដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ សម្រេច៖

១.​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន​ខ្សែកាប​ តភ្ជាប់រវាងតំបន់អភិវ​ឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ រយៈពេល ០៣ (បី) ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរា​ចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥ តោន ចុះក្រោម​។

រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបិទចរាចរណ៍ឆ្លងកាត់ស្ពាននេះវិញ ក្រោយបញ្ចប់ពិធីបុ​ណ្យភ្ជុំបិ​ណ្ឌដើម្បីឱ្យក្រុមហ៊ុន O.C.I.C បន្តអនុវត្តការងារដែលនៅសល់ ឱ្យបានចប់សព្វគ្រ​ប់។

២.​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន​ខ្សែកាប​ តភ្ជាប់រវាងតំប​​ន់​អភិវ​ឌ្ឍកោះន​រា និ​ង​តំបន់អភិវឌ្ឍកោះពេជ្រ ចន្លោះពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៣ តទៅ ក្រោយពីក្រុមហ៊ុន O.C.I.C ​បញ្ចប់ការដ្ឋានសាងសង់ស្ពានទាំងស្រុង​។​ »

គួរជម្រាបថា ក្រុមហ៊ុន O.C.I.C បាននិងកំពុងដំណើរការសាងសង់ស្ពានខ្សែកាប តភ្ជាប់ចរាចរណ៍រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។ មកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអនុវត្តគម្រោងបានប្រមាណ ៩៥% និងនៅសេសសល់ការងារមួយចំនួនទៀត រួមមានការងារអ៊ុតកៅស៊ូ, អ៊ុតគំនូសចរាចរណ៍, តម្លើងស្លាកសញ្ញាចរាចរណ៍, បង្គោលភ្លើងបំភ្លឺផ្លូវ និងភ្លើងលម្អខ្សែកាប។

កន្លងមកដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស បើទោះបីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសាឡាងដឹកអ្នកដំណើរ រវាងតំបន់ខណ្ឌច្បារអំពៅ និងតំបន់ខណ្ឌចំការមនក្តី ក៏នៅមិនទាន់ឆ្លើយតបនឹងតម្រូវការ និងកំណើនមធ្យោបាយដឹកជញ្ជូននៅឡើយ គ្រាន់តែធ្វើឲ្យស្ថានភាពចរាចរណ៍មានភាពធូរស្រាល ប៉ុន្តែមិនអាចដោះស្រាយបានទាំងស្រុងហើយនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រជាពលរដ្ឋជាច្រើននឹងធ្វើដំណើរទៅស្រុកកំណើត។

ដើម្បីធានានូវលំហូរចរាចរណ៍ត្រង់ចំណុចស្ពានព្រះមុនីវង្ស ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌផង និងទៅថ្ងៃមុខផង ដែលអាចធ្វើឲ្យប្រជាពលរដ្ឋចំណេញពេលវេលា និងថវិកាក្នុងការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដោយប្រើប្រាស់ផ្លូវស្ពានមួយចំហៀង សម្រាប់ការធ្វើចរាចរណ៍ទ្វេទិស និងកំណត់ទម្ងន់មធ្យោបាយដឹកជញ្ជូនឆ្លងកាត់ ត្រឹមទម្ងន់៥តោន ចុះក្រោម៕

ប្រភព៖ ក្រសួងព័ត៌មាន