ភ្នំពេញ៖ យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា រយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៣ នេះ មានសហគ្រាស គ្រឹះស្ថានបើកដំណើរការថ្មីចំនួន ១.១៨៨ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួន ប្រមាណជិត ៥៩.៦៣១កន្លែង។
ក្នុងនោះ សហគ្រាសគ្រឹះស្ថានវិស័យកាត់ដេរបើកថ្មីមានចំនួន ៧៩ ដែលបានផ្តល់ការងារថ្មីដល់ប្រជាពលរដ្ឋចំនួន ៣២.៥៥១នាក់នាក់ រីឯសហគ្រាសគ្រឹះស្ថានក្រៅវិស័យកាត់ដេរបើកថ្មីមានចំនួន ១.១០៩ ដែលបានផ្តល់ការងារថ្មីដ់ប្រជាពលរដ្ឋចំនួន ២៧.០៨០នាក់។
វត្តមាននៃសហគ្រាសគ្រឹះស្ថានថ្មីទាំងនោះអាចបង្ហាញបានថាអ្នកវិនិយោគមានទំនុកចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការមើលឃើញនូវសក្តានុពលផ្នែកធុរកិច្ច ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា មានរោងចក្រ សហគ្រាសដែលបានចុះបញ្ជីការសរុបចំនួន ១៧.៦៨៤ ដែលមានកម្មករនិយោជិតសរុបចំនួនជិត ១,៥លាននាក់ ដោយក្នុងនោះរួមមានទាំងរោងចក្រ សហគ្រាសវិស័យវាយ នភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ដែលមានចំនួន ១.៣៣៧ និងមានកម្មករនិយោជិតសរុបជាង ៨៣០.០០០នាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកិច្ចប្រជុំជាមួយវិស័យឯកជនក្នុងខែវិច្ឆិកាខាងមុខនេះ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។
ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញ និងជំរុញវិនិយោគក្នុងប្រទេសកម្ពុជា ក៏ដូចជាការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា បន្ថែមទៀត កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានចេញសេចក្តីប្រកាស អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្តល់នូវបរិស្ថានវិនិយោគ និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្ត បើកចំហ មាន តម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទន្ទឹមនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងបន្តអនុវត្តន៍ទិសដៅក្នុងការរក្សា និងបង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេសផងដែរ។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតរោងចក្រកាត់ ដេរនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញ អំពីវឌ្ឍនភាព ការងារអាទិភាព ដែលក្រសួងត្រូវអនុវត្តក្នុងឆ្នាំ២០២៣ នេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងបានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់ លក្ខណវិនិច្ឆ័យ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយពិគ្រោះយោបល់ និងសហការជាមួយដៃគូសង្គម សំដៅ ឈានទៅការដាក់ចេញនូវយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤ ទៅ។ កម្មវិធីនេះ នឹងចូលរួមជម្រុញ លើកទឹកចិត្ត ដល់ រោងចក្រ សហគ្រាស បង្កើនការប្រកួតប្រជែងទាំងបរិយាកាសការងារ និងផលិតភាពការងារ ក្នុងរោងចក្រ សហគ្រាសនីមួយៗ ឱ្យកាន់តែខ្លាំងឡើង៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា