បន្ទាយមានជ័យ ៖ ស្ត្រី០១នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅព្រឹកថ្ងៃសុក្រ ៧ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅមុខផ្ទះឈ្មោះ លឹម សំអុន ភេទស្រី អាយុ៧១ នៅភូមិចក ផ្នែកខាងជើងក្បែរផ្លូវជាតិលេខ៦ នៅភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ ស្ត្រីរងគ្រោះជាមនុស្សវិកលចរិកមិនត្រូវបានគេស្គាល់អត្តសញ្ញានោះឡើយ ។ ក្រោយពីទទួលបានព័ត៌មានពីការប្រទះឃើញសពស្ត្រី០១នាក់ដេកស្លាប់នោះ បានបង្កើតគណះកម្មការដើម្បីត្រួតពិនិត្យសាកសព មានសមាសភាព៖ កំលាំងការិយាល័យបច្ចេកទេស វិទ្យាសាស្រ្តខេត្ត ។ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ។ កំលាំងផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុស្រុក។ កំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុក ។ គ្រូពេទ្យមណ្ឌលសុខភាពឃុំរហាល ។
តាមការពិនិត្យសព ភេទស្រី មានអាយុប្រហែលជាង៤០ឆ្នាំ សំបុរ ស មានកំពស់១,៥០សង្ទីម៉ែត្រ មិនស្គាល់អត្តសញ្ញាណ សាកសពមានសភាពរឹងទាំងស្រុង ។ សពមានស្លាកស្នាមលើចិញ្ចើមខាងស្តាំមានស្នាមមុតដាច់ស្បែក ។ មានស្នាមជាំលើថ្ពាល់ខាងស្តាំ នឹងថ្ពាល់ខាងឆ្វេង ។ មានស្នាមរយ៉ាស់ស្បែកបបូរមាត់លើ ក្រោម។ ធ្មេញលើក្រោម ផ្នែកខាងមុខបាក់ ។ មានបាក់ថ្គាមលើផ្នែកខាងស្តាំ ។ មានដំបងប្ញស្សី០២កំណាត់ប្រវែង38សង្ទីម៉ែត្រ នៅក្បែរក្បាលសព។
លោកអធិការបានបន្តថា ៖ តាមការសន្និដ្ឋាន ការស្លាប់របស់ជនរងគ្រោះគឺជាអំពើឃាតកម្ម វ៉ៃនឹងដំបងទៅលើជនរងគ្រោះ ។ បើឆ្លងតាមការបំភ្លឺឈ្មោះ ជួន ភឿត ភេទស្រី អាយុ៣៨ឆ្នាំ នៅភូមិទេពកោសារ ឃុំរហាល បានបំភ្លឺថា នៅថ្ងៃទី០៥ ខែតុលាឆ្ណាំ២០២៣ ម៉ោងប្រហែល០៧យប់ គាត់ឃើញមនុស្សប្រុសម្នាក់ ស្រីម្នាក់មិនស្គាល់ ប្រហែលជាមនុស្សវិកលចរឹក ដើរលើផ្លូវជាតិលេខ៦ពីលិចទៅកើត ក្នុងភូមិទេពកោសារ ។ លុះព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ មានមនុស្សស្រីដេកស្លាប់ម្នាក់ក្បែរផ្លូវជាតិ នៅភូមិចក ឃុំរហាល ( ភូមិចកនៅខាងកើតភូមិ ទេពកោសារ ជាប់គ្នា) ពេលគាត់ទៅពិនិត្យមើលសពនោះ គឺជាមនុស្សស្រីដែលគាត់ឃើញដើរពីល្ងាចជាមួយមនុស្សប្រុសម្នាក់មិនស្គាល់។
លោកវរសេនីយ៍ទោ ទេព រដ្ឋា បានបញ្ជាក់ថា ៖ ក្រោយពីបានឃាត់មុខសញ្ញាកម្លាំងនគរបាលជំនាញបានហៅមនុស្សនោះជាជនមានសតិមិនប្រក្រតីដែលដើរជាមួយជនរងគ្រោះពីល្ងាចថ្ងៃទី០៥ ខែតុលាឆ្នាំ២០២៣ មានឈ្មោះ ឡាចលាស់ សុខម៉ៅ ហៅម៉ៅ ភេទប្រុស អាយុ36ឆ្នាំ នៅប្រាសាទបាគង ខេត្តសៀមរាប មកធ្វើការសាកសួរ គេបានឆ្លើយសារភាពថា កាលពីល្ងាច ( ថ្ងៃទី០៥ខែតុលាឆ្នាំ២០២៣ ) រូបគេពិតជាបានយកដំបងវ៉ៃទៅលើជនរងគ្រោះចំនួន០៣ដំបងមែន ព្រោះខឹងនិងជនរងគ្រោះមិនអោយរួមភេទ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ