មុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋម្នាក់ត្រូវសមត្ថកិច្ច បង្ក្រាបឃាត់ខ្លួន

0

បាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស​.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី នៅចំណុចក្រុមទី១០ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីលួច (ម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួចម៉ូតូរបស់ជនរងគ្រោះឈ្មោះ បែន រ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ម៉ាកហុងដាឌ្រីម សេ១០០ ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម 1B-5337 ជិះយកទៅបាត់។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកា ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ពិន សត្យា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បាននាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីសាកសួរ។

ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ករណីនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកសង្កែកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ប្រភព​៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ