អាល្លឺម៉ង់នឹងរួមចំណែកក្នុងការពង្រឹងវិស័យបរិស្ថានលើការគ្រប់គ្រងសំណល់រឹង រាវ និងបច្ចេកទេសកែច្នៃសំណល់ទាំងនោះឡើងវិញ

0

ភ្នំពេញ៖ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានថ្លែងថា អាល្លឺម៉ង់នឹងរួមចំណែកក្នុងការពង្រឹងវិស័យបរិស្ថានលើការគ្រប់គ្រងសំណល់រឹង រាវ និងបច្ចេកទេសកែច្នៃសំណល់ទាំងនោះឡើងវិញ។

ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាថ្លែងយ៉ាងដូច្នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

ជាការគូសបញ្ជាក់បន្ថែម ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការអបអរសាទរជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលទទួលបានតំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន និងបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីបន្តរវាងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ GIZ, KfW និងសហការី ដែលបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថានទាំងក្នុងតំបន់ និងសកល ជាពិសេសការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចចក្រា និងការកាត់បន្ថយការបំពុលដោយប្លាស្ទិក។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា បញ្ហាប្លាស្ទិកជាបញ្ហាចម្បងដែលក្រសួងបានដាក់ចេញនៅកំឡុងនៃ១០០ថ្ងៃនៃការចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានរបស់ឯកឧត្តម ហើយជាក់ស្តែងក្រសួងក៏ទទួលបានជោគជ័យគួរជាទីមោទន ដោយមានសិស្សានុសិស្សជាង ១.៤លាននាក់ចូលរួម ហើយការចូលរួមនេះ គូសបញ្ជាក់ពីភាពវិជ្ជមាននៃផ្លាស់ប្តូរឥរិយាបទរបស់យុវជនជំនាន់ក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងសំណល់ប្លាស្ទិក ឈានឆ្ពោះទៅភាពស្អាត បៃតង ដោយចីរភាព។ ស្របនឹងការថ្លែងឡើងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានថ្លែងគាំទ្រទាំងស្រុងលើការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន និងបន្តគាំទ្រក្នុងភាពជាដៃគូ តាមរយៈការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ដើម្បីរួមចំណែកក្នុងវិស័យបរិស្ថានដែលជាបញ្ហាសកល ។

សូមរម្លឹកជូនថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងកម្ពុជា បានគាំទ្រលើគម្រោងការលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងក្នុងតំបន់អាស៊ាន ផលិតកម្មដោយនិរន្តរភាព (SCP) គម្រោង One Health នៅបឹងទន្លេសាប ការគ្រប់គ្រងធានធានធម្មជាតិ និងតំបន់ឆ្នេរ វិស័យកសិកម្ម ដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងសំណស់រឹង៕

ប្រភព៖ ក្រសួងព័ត៌មាន