ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាលលជា មួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីស្តាប់ និងពិភាក្សាគ្នា ក្នុងគោលបំណងធ្វើឱ្យវិស័យទេសចរណ៍មានភាពល្អប្រសើរឡើងវិញ។ នៅក្នុងជំនួប ពិភាក្សានេះប្រតិបត្តិករទេសចរណ៍ បានលើកឡើងអំពីបញ្ហាប្រឈម និងជាយោបល់ច្រើន ដើម្បីធ្វើយ៉ាងណាកែសម្រួល និងរៀបចំទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាប ឱ្យបានច្រើនឡើងវិញ។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ថា ដើម្បីស្តារកំណើនទេសចរ និងភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយបណ្តាប្រទេសនានាក្នុងសកលលោក ទាំងក្នុង រយៈពេលមធ្យមឬវែង ក្រសួងទេសចរណ៍បាន និងកំពុងគិតគូរ និងរកដំណោះស្រាយ ជាលក្ខណៈប្រព័ន្ធដើម្បីឱ្យលេចចេញនូវភាពវិជ្ជមានសម្រាប់ឆ្លើយតបទៅ នឹងបញ្ហា ប្រឈមនានារបស់វិស័យឯកជនតាមរយៈការដាក់ចេញនូវចក្ខុវិស័យជាអាទិភាពសម្រាប់អនុវត្តន៍រយៈពេល៥ឆ្នាំទៅមុខ គឺបង្កើន៥ និងអភិវឌ្ឍន៍៣ ដែលជាយុទ្ធសាស្ត្រគន្លឺះ សម្រាប់ដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍។
ឯកឧត្តមបញ្ជាក់ថា បង្កើន៥នោះគឺ៖ ទី១. បង្កើននូវប្រសិទ្ធភាពនៃការគ្រប់គ្រងប្រសិទ្ធនាមរបស់កម្ពុជា។ ទី២. បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយ ភាពទាក់ទាញទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ។ ទី៣. បង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង និងសម្របសម្រួលពាក់ព័ន្ធពីការធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់។ ទី៤. បង្កើនការអភិវឌ្ឍផលិតផលទេសចរណ៍ និងទី៥. បង្កើនការងារប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង។
ចំណែកការងារអភិវឌ្ឍន៍៣ រួមមាន៖ ទី១. រៀបចំយន្តការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិសំដៅធ្វើការគ្រប់គ្រងការងារស្នូលទាំង៥ខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។ ទី២. អភិវឌ្ឍន៍កម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងទី៣. គឺការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងគុណភាព សមត្ថភាពការងារដល់មន្ត្រី ដើម្បីធានាបានការផ្តល់សេវាជូនប្រជាជន ក៏ដូចជាការពង្រឹងដល់យុទ្ធសាស្ត្រដែលបានដាក់ចេញខាងលើនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញឱ្យវិស័យឯកជនទាំងអស់ចូលរួមជាមួយរដ្ឋាភិបាលរួមគ្នាស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញ ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា រយៈពេល ០៩ ខែ ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ១,៦៧៤,៧៨១ នាក់ មានការកើនឡើងប្រមាណ ៤០.៤២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ចំនួន ១,១៩២,៧១០ នាក់ និងថយចុះប្រមាណ ៥២.៩០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ៣,៥៥៦,០៧២ នាក់ ក្នុងនោះ ៖ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ ១,១៣៥,២២០នាក់ កើនឡើងប្រមាណ៧,២៣ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ចំនួន១,០៥៨,៦៥០នាក់និងមានការថយចុះប្រមាណ ៤០.០៥ភាគរយ បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ១,៨៩៣,៥៥៩ នាក់។ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ៥៣៩,៥៦១ នាក់ មានការកើនឡើង ៣០២.៤៨ភាគរយ បើប្រៀបធៀបនឹង រយៈ ពេលដូចគ្នាឆ្នាំ២០២២ ចំនួន ១៣៤,០៦០ នាក់ និងមានការថយចុះប្រមាណ ៦៧.៥៥ភាគរយ បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ១,៦៦២,៥១៣ នាក់៕
ប្រភព៖ ក្រសួងព័ត៌មាន