ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមាកម្មករនយោជិតនៅកម្ពុជា មានប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី មានប្រាក់ឈ្នួលអប្បបរមានៅទាបជាងកម្ពុជា ហើយការកើនឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារក្នុង១ខែសម្រាប់ឆ្នាំ២០២៤ នឹងជួយសម្រួលជីវភាពកម្មករនយោជិត និងក្រុមគ្រួសារ។
ឯកឧត្តមមានប្រសាសន៍ដូច្នេះក្នុងពិធីសំណេះសំណាលរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយកម្មករនិយោជិតចំនួនជិត២ម៉ឺននាក់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម ហេង សួរ លើកឡើងថា គិតក្នុងឆ្នាំ២០២៣ នេះ កម្មករនិយោជិតអាចទទួលបានជាប្រាក់ឈ្នួលចន្លោះពី២១៧ដុល្លារទៅ២២៨ដុល្លារយ៉ាងតិចក្នុង១ខែ ដោយរួមទាំងអត្ថប្រយោជន៍ជាប់កាតព្វកិច្ច ដូចជាប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារ។ ប្រសិនបើបូកបន្ថែមប្រាក់ឈ្នួលបន្ថែមម៉ោង កម្មករនិយោជិតអាចទទួលបានប្រាក់ឈ្នួលជាមធ្យមពី២៥៩ដុល្លារ ឬច្រើនជាងនេះ ដោយមិនទាន់គិតពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលកម្មករនិយោជិតកំពុងតែទទួលបាន។
ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងថា៖«គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នេះ បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា មានប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីយើងនេះ ដែលមានប្រាក់ឈ្នួលអប្បបរមានៅទាបជាងកម្ពុជានៅឡើយ ដូចជាប្រទេសវៀតណាមមានចំនួនចន្លោះពី១៣៧ដុល្លារ ទៅត្រឹម១៩៨ដុល្លារ ប្រទេសស្រីលង្កា៤០ដុល្លារ ប្រទេសបង់ក្លាដែស៧៤ដុល្លារ ប្រទេសមីយ៉ាន់ម៉ា៦៩ដុល្លារ និងប្រទេសឡាវ៩០ដុល្លារ»។
ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងដំឡើងប្រាក់ឈ្នួលអប្បបរមានិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រាជរដ្ឋាភិបាលក៏បានខិតខំរួមចំណែកកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតជាប្រចាំ និងជាបន្តបន្ទាប់ ដូចជាបានពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គម ដោយបានតម្រូវឲ្យនិយោជកជាអ្នកបង់១០០រយភាគរយ ជំនួសកម្មករនិយោជិតលើផ្នែកថែទាំសុខភាពនិងផ្នែកគ្រោះថ្នាក់ការងារ និងជួយបង់៥០ភាគរយក្នុងផ្នែកប្រាក់សោធនដែលធ្វើឲ្យកម្មករនយោជិតអាចសន្សំថវិកាបានប្រមាណ៦ដុល្លារក្នុង១ខែនិងអាចរក្សាបាននូវសន្តិសុខចំណូលនិងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងាររហូតដល់ពេលចូលនិវត្តន៍។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការបោះឆ្នោតដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតចំនួន២ដុល្លារ និងត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ជូន២ដុល្លារថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលនេះកើនដល់២០៤ដុល្លារក្នុង១ខែសម្រាប់ឆ្នាំ២០២៤ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។
ឯកឧត្តម ហេង សួរ មានប្រសាសន៍ក្នុងពិធីសំណេះសំណាលនេះថា៖ «ការកើនឡើងនូវប្រាក់ឈ្នួលអប្បបរមានឹងជួយសម្រួលជីវភាពបងប្អូនកម្មករនយោជិត និងក្រុមគ្រួសារ ហើយក៏អាចជួយទៅដល់ការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេសបងប្អូនដែលធ្វើអាជីវកម្មនៅតាមតំបន់ផ្ទះជួល ឬកន្លែងដែលមានបងប្អូនកម្មករនយោជិតយើងធ្វើការ និងរស់នៅផងដែរ»។
សម្តេចមធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ក្នុងពិធីនេះថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន៤ដុល្លារសម្រាប់ឆ្នាំ២០២៤ ជូនដល់កម្មករ នយោជិត គឺជារូបមន្ត «ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា» ក្នុងដំណាក់កាលដែលលំបាកទាំងអស់គ្នា។
សម្តេចធិបតីមានប្រសាសន៍ថា៖ «អ្វីដែលយើងត្រូវយល់ថាកាលៈទេសៈនេះគឺកាលៈទេសៈដែលយើងលំបាកទាំងអស់គ្នា ហើយការដោះស្រាយនេះគឺចេញរូបមន្តចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា។ នេះជារូបមន្តដែលយើងបាន២០៤ [ដុល្លារ] នេះ។ ពេលដែលយើងចាប់ផ្ដើមដំបូង និយោជកគាត់សុំថាអត់ទេប្រាក់ខែយើងខ្ពស់ហើយ ប្រៀបធៀបប្រទេសមួយចំនួន សុំរក្សា ព្រោះយើងឡើងរហូត សូម្បីកូវីដក៏ឡើងដែរ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អ្វីដែលនិយោជកកង្វល់ គឺកង្វល់អំពីភាពប្រកួតប្រជែងរបស់វិស័យទាំងមូល ព្រោះផលិតផលមិនមែនផលិតលក់តែម្នាក់ឯងនោះទេ គឺមានច្រើនប្រទេសដែលលក់ផលិតផលទៅទីផ្សារអាមេរិក ទីផ្សារអឺរ៉ុប និងទីផ្សារផ្សេងៗទៀត ដែលជាការប្រកួតប្រជែង។ ក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកប្រឈមនឹងការធ្លាក់ចុះ គ្រប់ប្រទេសទាំងអស់គឺមានការប៉ះពាល់ មិនមែនមានតែកម្ពុជានោះ ហើយការបញ្ជាទិញក៏ថយចុះផងដែរ។
សម្តេចធិបតីមានប្រសាសន៍ថា៖ «អ្វីដែលយើងមានភាពប្រកួតប្រជែង យើងទៅមិនរួច ធ្វើឲ្យមានការថមថយ បាត់ប្រកួតប្រជែង ហើយក្រុមហ៊ុនថ្មីដែលគ្រោងមកបង្កើតការងារក៏អត់ដែរ។ អ៊ីចឹង យើងចរចាគ្នាថ្ងៃនេះគឺដើម្បីជួយគ្នារស់ ចែកគ្នារស់ បានន័យថាទាំងកម្មករទាំងនយោជិត យើងរស់បន្តទៅទៀត ទោះបីក្នុងលំបាក ក៏យើងបានកើន កម្មករកម្មការិនីក៏បានកើនខ្លះ។និយោជក ក្រុមហ៊ុនក៏នៅរក្សាភាពប្រកួតប្រជែង ហើយប្រទេសយើងក៏នៅអាចទាញវិនិយោគមកបន្ថែមទៀត។ នេះយើងបានរស់ទាំងអស់គ្នា។ នេះជាភាពជោគជ័យរបស់យើង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា៖ «ខ្ញុំសុំឲ្យបងប្អូនទាំងអស់មេត្តាយល់នៅក្នុងដំណាក់កាលលំបាកនេះ។ ៤ដុល្លារសម្រាប់យើង យើងគិតថាតិច ប៉ុន្តែ៤ដុល្លារសម្រាប់ក្រុមហ៊ុនគិតថាច្រើន ប៉ុន្តែយើងរួមគ្នារស់»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសរសេរនៅក្នុងបណ្តាញសង្គមកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ថា នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ ការដំឡើងបានបៀវត្តន៍ជូន កម្មករ កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង។
សម្តេចតេជោបានសរសេរថា៖ «ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្តន៍ទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។ បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង»។
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លើកឡើងថា ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤នេះ ជាលទ្ធផលនៃការគណនាដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវឈរលើលក្ខណៈវិនិច្ឆ័យបែបសង្គមផង និងសេដ្ឋកិច្ចផង ហើយសមាជិកភាគច្រើនលើសលប់នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបោះឆ្នោតគាំទ្រ ក្រោយការប្រជុំជាច្រើនលើកច្រើនសារតែពុំអាចរកបាននូវកុងសង់ស៊ីស ។
សមាគម TAFTAC បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ថា៖ «សមាគមយល់ឃើញថា កម្រិតប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានកំណត់ក្នុងចំនួន ២០៤ដុល្លារនេះរួមនឹងប្រាក់អត្ថប្រយោជន៍ និងប្រាក់រង្វាន់ផ្សេងៗទៀតនឹងផ្តល់នូវតុល្យភាពរវាងស្ថិរភាពប្រាក់ចំណូលសម្រាប់ការចំណាយរបស់ភាគីកម្មករនិយោជិត និងភាពរស់រានបាននៃភាគីនិយោជកដែលត្រូវប្រកួតប្រជែងយ៉ាងស្រួចស្រាវលើទីផ្សារអន្តរជាតិ ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចសកលដែលកំពុងមានភាពតានតឹង»៕
ប្រភព៖ ក្រសួងព័ត៌មាន