សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិពិនិត្យមើលករណីមានការបណ្តុះបណ្តាលនាយទាហានច្រើនជាងពលទាហានដែលជាករណីមិនចាំបាច់ ហើយត្រូវកាត់បន្ថយកុំឱ្យចំណាយថវិកាចោលគ្មានប្រយោជន៍ព្រោះមិនមានសារៈសំខាន់។
ថ្លែងក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានលើកឡើងថា សម្តេចបានប្រាប់ ទៅ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថា យើងមាននាយទាហានច្រើនជាងពលទាហាន ដោយសារតែកន្លងមក យើងមានសង្គ្រាមធ្វើឱ្យមានការកើនឡើង ហើយក៏មានអ្នកចូលនិវត្តន៍។
សម្តេចធិបតីថា៖«ផែនការបណ្តុះបណ្តាលប្រចាំឆ្នាំគឺបណ្តុះបណ្តាលនាយទាហានទាំងអស់ដោយគ្មានផែនការបណ្តុះបណ្តាលពលទាហាននោះទេ។ អ៊ីចឹងចង់៣០ឆ្នាំទៀតក៏គ្មានការបណ្តុះបណ្តាលពលទាហាននោះទេ ដូច្នេះត្រូវគិតឡើងវិញ»។ ជាមួយគ្នានោះដែរ សម្តេចធិបតីបានលើកឡើងមានអ្នកខ្លះថា ការបណ្តុះបណ្តាលនេះដោយសារតែមានប្រទេសជាមិត្តផ្តល់អាហារូបករណ៍មកដោយកន្លែងខ្លះមាន៩០ទៅ១០០នាក់ ដោយខ្លាចបាត់។ តែចំណុចនេះ សម្តេចធិបតីថា គឺអត់មានទេហើយត្រូវគិតថាបើសិននាយទាហានច្រើនជាងពលទាហានហើយយើងត្រូវអារកាត់ថា ប៉ុន្មានឆ្នាំនេះត្រូវកាត់ចំនួននាយទាហានចំនួនប៉ុណ្ណេះចោលដោយយកថវិកាទៅជ្រើសរើសពលទាហានវិញល្អជាង។
សម្តេចធិបតីបានលើកឡើងថា ការកាត់ចំនួនជ្រើសរើសនាយទាហាននេះគឺធ្វើតាមស្ថានភាពជាក់ស្តែង។ សម្តេចថា កុំខ្លាចភាគីមិត្តដែលផ្តល់ជំនួយ ដូចជាបើសិនគេឱ្យរយៈពេល៤ ឆ្នាំក្នុងរៀនសូត្រ តែបើយកមកដាក់បន្ទុករដ្ឋរហូតដល់៤០ឆ្នាំ តើយើងយកមកធ្វើអ្វី ? នាយទា ហាន រៀនហើយយកមកធ្វើអ្វី ! យើងតែងតាំងគាត់មិនកើត។
សម្តេចនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិត្រូវគិតចំនួននាយទាហាន មានចំនួនច្រើននេះឡើងវិញ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា បើសិនភាគីប្រទេសជាមិត្តផ្តល់ជំនួយបណ្តុះបណ្តាលនាយទាហាន យើងក៏មានសិទ្ធិស្នើសុំឱ្យគេជួយបណ្តុះ បណ្តាលពលទាហានវិញព្រោះថា ជាជំនួយដូចគ្នា។ ក្នុងឱកាសនោះដែរ សម្តេចធិបតី បានស្នើឱ្យរដ្ឋមន្ត្រីទាំងអស់គិតគូរពីក្របខ័ណ្ឌអាទិភាពរបស់ខ្លួន ហើយចាំយកជំនួយដាក់ឱ្យចំ ជាជាងគេជួយអ្វីយកតែរបស់ហ្នឹង ដែលធ្វើឱ្យគ្មានការសហការគ្នា៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា