ជើងហោះហើរសាកល្បងក្នុងស្រុក និងអន្តរជាតិចំនួន៣ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយជោគជ័យ

0

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបើកដំណើរ ការសាក ល្បងដើម្បីធានាបានថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និង ការផ្តល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដារអន្តរជាតិ ដែលចែងដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិរបស់រដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិ និងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះតទៅ។

ឯកឧត្ដម ប៊ុន រដ្ឋា ទីប្រឹក្សា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជានាយក អាកាសយាន្ដដ្ឋានអន្ដរជាតិសៀមរាបអង្គរមានប្រសាសន៍ ថា ជើងហោះហើរចំនួនបីព្រមគ្នាតែម្តងក្នុងរយៈពេលមួយម៉ោង មានក្រុមហ៊ុនអាកាសចរចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពី អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និងក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្ដមបញ្ជាក់ថា ការហោះហើរសាក ល្បងនេះ បានចុះចតដោយសុវត្ថិភាព ខណៈដែលអ្នកដំណើរមានភាពសប្បាយរីករាយ។ ឯកឧត្ដម បានសម្ដែង មោទភាព ដែលប្រទេស កម្ពុជា មាន ព្រលានយន្ដហោះខ្នាតអន្ដរជាតិ សម្រាប់ចុះចតនៅយន្ដហោះធំៗដូចនៅលើពិភពលោកដែរ។


ឯកឧត្ដម ប៊ុន រដ្ឋា បានបញ្ជាក់ទៀតថា ជាលទ្ធផលនៃការសាកល្បង របស់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្ត ទៅដោយរលូន និងជោគជ័យ ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួល បន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងថា ព្រលានយន្ដហោះអន្តជាតិសៀមរាបអង្គរនេះ ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាង ដែលនឹងចូលរួមចំណែកពង្រឹងនិងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាស ពីប្រទេសកម្ពុជា ទៅកាន់តំបន់ឆ្ងាយៗ និងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យមនិងធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ខណៈដែលអាកាស យានដ្ឋានអន្តរជាតិសៀមរាបកន្លងមកមិនអាចទទួលបាន ពីព្រោះទីតាំងស្ថិតនៅជិតបំផុតតំបន់បេតិកភណ្ឌអន្តរជាតិអង្ករ។

សូមបញ្ជាក់ជូនថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១ ១០០ លាន ដុល្លារអាម៉េរិក មានចំណត សម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាន នាក់ក្នុងឆ្នាំ២០៤០ខាងមុខ និងមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០ ០០០ តោនក្នុងឆ្នាំ២០២៤ និង ២៦ ០០០ តោន ក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥ ៨០០ ជើងក្នុងឆ្នាំ២០២៤ និង ១១២ ៧០០ ជើង ក្នុងឆ្នាំ ២០៤០៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា