ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ស្តង់ដាសាលារៀនគម្រូ និងពានរង្វាន់សាលាគម្រូសម្តេចមហាបវរធិបតី” សម្រាប់សាលារៀន ដែលសម្រេចស្ដង់ដារសាលារៀនគម្រូ ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ ក្នុងទិវាគ្រូបង្រៀន នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ, នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣។
សម្តេចធិបតី ថ្លែងបញ្ជាក់ថា ការប្រកាសនេះដើម្បីឱ្យ ១/សាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្ដង់ដាសាលារៀនគម្រូ, ២/សាលារៀនមានស្វ័យភាពកែលម្អសាលារៀន ថ្នាក់រៀននិងផ្ដល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន និងគូ្របង្រៀន, ៣/សិស្សមានសមត្ថភាព និងធ្វើតេស្តស្តង់ដារប្រកបដោយតម្លាភាព និងយុត្តិធម៌, ៤/គ្រូបង្រៀនអាចប្រើប្រាស់លទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន និងការអភិវឌ្ឍគុណវុឌ្ឍជាប្រចាំ ហើយថែមទាំងអាចជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មានត្រឡប់ទៅមាតាបិតា អាណាព្យាបាល និងសហគមន៍វិញបានទាន់ពេលវេលា, ៥/មានការបង្កើតសកម្មភាពកម៉ោងសិក្សា ដើម្បីអប់រំគុណធម៌ សីលធម៌ និងសុជីវធម៌ដល់សិស្សានុសិស្ស, ៦/មានការយកចិត្តទុកដាក់លើបញ្ហាសុខភាពសិក្សា និងអាហារូបត្ថម្ភរបស់សិស្សានុសិស្ស និង ៧/មានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការគាំទ្រ និងការអភិវឌ្ឍសាលារៀនឱ្យមានប្រសិទ្ធភាព។
ដូចនេះ សម្រាប់រយៈពេល ២ ឆ្នាំខាងមុខ ក្រុមការងារគណៈកម្មាធិការចូលរួមអភិវឌ្ឍសាលារៀនចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមគ្រប់ស្ដង់ដាទាំង ៥ រួមមាន៖ ១/ លទ្ធផលសិក្សារបស់សិស្ស, ២/ ការបង្រៀន និងការរៀន, ៣/ការចូលរួមរបស់សហគមន៍ និងមាតាបិតា, ៤/ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង៥/គណនេយ្យភាពរបស់សាលារៀន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា