ភ្នំពេញ៖ ធនាគារកណ្តាលកម្ពុជា និងថៃ កំពុងអភិវឌ្ឍន៍ប្រព័ន្ធផ្ទេរប្រាក់សម្រាប់ពលករកម្ពុជា ធ្វើការនៅប្រទេសថៃ ដើម្បីឱ្យការផ្ទេរមកកាន់ក្រុមគ្រួសារ នៅកម្ពុជាប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងចំណាយទាប។

លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សា ការងារជាមួយឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ដើម្បីពិភាក្សាលើកិច្ចការលើក កម្ពស់កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ និងការផ្លាស់ប្តូរទស្សនៈ ពីគំនិតផ្តួចផ្តើមថ្មីៗ សំដៅរួមចំណែកដល់ការរីកចម្រើនវិស័យធនាគារ និងសេដ្ឋកិច្ចរបស់ ប្រទេសទាំងពីរ។

លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា ប្រទេសថៃ គឺជាប្រទេសដំបូងគេដែល ប្រទេសកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ និងផ្ទេរប្រាក់ឆ្លងដែន។ កិច្ចសហការនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការគាំទ្រពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ក្នុង ប្រទេសទាំងពីរ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងទីផ្សារ ស្របតាម គោលដៅរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោកជំទាវ បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលថៃ បានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អលើផ្នែកជាច្រើនដូចជា ការផ្លាស់ប្តូរទស្សនកិច្ចចែក រំលែកបទពិសោធន៍លើការងារជំនាញ ការទទួលអាហារូបករណ៍ សម្រាប់មន្ត្រីធនាគារជាតិ នៃកម្ពុជាទៅសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសថៃ និងជាពិសេសកិច្ច សហការលើ ការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន។
បន្ថែមពីនេះ លោកជំទាវ បានលើកឡើងពីគម្រោងពង្រីកកិច្ចសហប្រតិបត្តិការ សម្រាប់ការចែករំលែកព័ត៌មានឥណទានអតិថិជនរវាងប្រទេសកម្ពុជា និងថៃដើម្បី លើកកម្ពស់ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។ លោកជំទាវ មានសុទិដ្ឋិនិយមថា ធនាគារកណ្តាលនៃប្រទេសទាំងពីរនឹងបន្តពង្រីក កិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែបថែមទៀតនាពេលខាងមុខ។
ឯកឧត្តម Cherdkiat Atthakor បានលើកឡើងថា គម្រោងថ្មីៗ ដែលជាគំនិតផ្តួច ផ្ដើមរបស់លោកជំទាវ មិនត្រឹមតែបានពង្រឹងភាពរឹងមាំនៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅ កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាពិសេសខាងផ្នែកហិរញ្ញវត្ថុ។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដែលបានខិតខំយ៉ាងខ្លាំងក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការដាក់ ចេញនូវបទប្បញ្ញត្តិនានា និងយុទ្ធនាការផ្សព្វផ្សាយជាច្រើន រួមទាំងការបង្កើតសារៈមន្ទីរ ព្រះស្រីឦសានវរ្ម័ន ដែលបានលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពី អត្ថប្រយោជន៍ នៃការប្រើប្រាស់ប្រាក់រៀល និងប្រវត្តិសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជា។
ឯកឧត្តម បានត្រៀមខ្លួន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាល ទាំងពីរឱ្យកាន់តែរឹងមាំ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា