ឯកឧត្ដម ឃួង ស្រេង៖ មិនអនុញ្ញាតឱ្យរថយន្ដដឹកទំនិញធំៗ ធ្វើចរាចរណ៍ឆ្លងកាត់ស្ពានព្រះមន្នីវង្សទៀតទេ

0

ភ្នំពេញ៖ រថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតឱ្យចរាចរណ៍ ចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ឡើយ ពិសេសចាប់ពីវត្ដនិរោធរង្សី រហូតដល់ស្ពានច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ ខណៈតម្រាយផ្លូវនេះមានការកកស្ទះចរាចរណ៍ខ្លាំង ដោយសារការដ្ឋានសាងសង់ស្ពានអាកាស ព្រះមុនីវង្ស ដែលជាស្ពានអាកាសមួយមានរង្វង់មូលើអាកាស បាននិងកំពុងដំណើរការ សាងសង់យ៉ាងមមាញឹក ហើយបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ ។

នេះជាការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈ ឯកឧត្ដមដឹកនាំកិច្ចប្រជុំស្តីពី ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះមានការចូលរួមពីស្នងការដ្ឋានរាជធានី, បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី, កងកម្លាំង នៃអធិការដ្ឋានទាំង១៤ខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ។

​ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីរកមធ្យោបាយដោះស្រាយការកកស្ទះចរាចរណ៍ ពិសេសគឺការសម្រួលក្បួនថ្នាក់ដឹកនាំឱ្យបានរលូន និងកាត់បន្តយបាននូវការថ្នាំង ថ្នាក់ ពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ ឯកឧត្ដម បានលើកឡើងថា កំណាត់ផ្លូវជាតិលេខ១ កាលពីមិនទាន់មានបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស គឺមានការកកស្ទះចរាចរណ៍រួចទៅហើយ តែនៅពេលការដ្ឋាននេះចាប់ផ្តើមដំណើរការ កំណាត់ផ្លូវមួយនេះកាន់តែស្ទះខ្លាំងឡើងថែមទៀត។ ដូច្នេះហើយជាបន្តបន្ទាប់មកនេះ អាជ្ញាធររាជធានីភ្នំពេញ តែងតែប្រជុំពិភាក្សា រកដំណោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះ ពិសេសនៅរង្វង់មូលក្បាលថ្នល់ និង នៅមុខក្រសួងមហាផ្ទៃ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការកកស្ទះចរាចរណ៍ នៅតែបន្តកើតមាន ហើយយើងក៏នៅតែបន្តធ្វើការដោះស្រាយផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានកូសបញ្ជាក់ថា បើទោះបីការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះបានបញ្ចប់ ក៏ទីតាំងនេះនៅតែប្រឈម នៃការបញ្ហាកកស្ទះដដែលទេ ។ ព្រោះតែលំហូរចរាចរ ណ៍ខ្លាំងពីផ្លូវជាតិលេខ១។ ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំងណាស់ ដោយបានសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុង ខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ២កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក។ ក្រោយស្ពាន២នេះស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បន្តទៀតថា ជាជំហាននៃការដោះស្រាយបញ្ហាចរាចរណ៍ នៅចំណុចខាងលើនេះ ឯកឧត្តមបានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចប៉ូលីស ត្រូវហាមដាច់ខាតចំពោះរថយន្តដឹកទំនិញធំៗ គឺមិនអនុញ្ញាតិឱ្យធ្វើចរាចរណ៍ចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ។ ពិសេសចាប់ពីនិរោធ៣ រហូតដល់ស្ពានច្បារអំពៅ ព្រោះយើងមានផ្លូវវាងឱ្យពួកគាត់ហើយ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើសេចក្តីជូនដំណឹងភ្លាម ដើម្បីឱ្យពួកគាត់ជ្រាបព័ត៌មាន និងបានវាងចេញពីតំបន់កកស្ទះនេះ ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ការសម្រួលក្បួន និងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលឆ្លងកាត់តំបន់ខាងលើ ត្រូវតែធ្វើឡើងដោយភាពហ្មត់ ចត់ ។ ពោលគឺសម្រួលក្បួនជូនប្រមុខថ្នាក់ដឹកនាំបានល្អហើយ កាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពល រដ្ឋជាអ្នកដំណើរថែមទៀត ពិសេសក្បួនទៅផុត កងកម្លាំងមិនត្រូវដកកម្លាំងភ្លាមទេ គឺត្រូវសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ឱ្យទៅជាធម្មតាវិញ ទើបដកកម្លាំងចេញបាន៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា