ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំវេទិកាការងារដោយផ្តល់ឱកាសការងារថ្មីបន្ថែមទៀតជិត ២ ពាន់កន្លែងដល់អ្នកកំពុងស្វែងរកការងារធ្វើនៅថ្ងៃទី៥ខែតុលាឆ្នាំ២០២៣។ NEAបានឲ្យដឹងថាវេទិកាការងារនេះមានក្រុមហ៊ុន និងរោងចក្រធំៗចំនួន ៦ នឹងផ្តល់ ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១៧០៦ កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។
ក្នុងវេទិកាការងារដែលរៀបចំដោយ ក្រុមហ៊ុន និងរោងចក្រ ទាំង៦ ដែលនឹងចូលរួមក្នុង វេទិកាការងារនាថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ មានដូចជា៖ ធនាគារ AEON SPECIALIZED BANK (CAMBODIA) PLC., ក្រុមហ៊ុន Pate Pok, រោងចក្រ IK Apparel Co.,Ltd, រោងចក្រ ត្រាកស៍ អឹភែរឹល ខេមបូឌា ខូអិធីឌី, រោងចក្រ ញ៉ូវាយដ៍ អឹភែរឹល ឯ.ក, និង ក្រុមហ៊ុន DFI LUCKY PRIVATE LIMITED។
លោក រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិករបស់ធនាគារ ឯកទេសអ៊ីអន ដែលនឹងចូលរួមក្នុងវេទិកាការងារនាថ្ងៃស្អែកនេះ បានលើកឡើងថា ធនាគារឯកទេស អ៊ីអន ពិតជាមានកិត្តិយស និងសេចក្តីរីករាយយ៉ាងក្រៃលែង ដែលជានិច្ចកាល NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែផ្តល់ឱកាលដល់ធនាគារឲ្យបានចូលរួមជ្រើសរើសបុគ្គលិក នៅក្នុងកម្មវិធីវេទិកាការងារប្រចាំខែ និងកិច្ចសម្ភាសប្រចាំខែ។ ធនាគារ ឯកទេសអ៊ីអន ទទួលបានបុគ្គលិកជាច្រើនពីការជ្រើសររើសក្នុងកម្មវិធីរបស់ NEA។ សម្រាប់វេទិកាការងារនាថ្ងៃទី០៥ ខែតុលា ស្អែកនេះ ធនាគារ ឯកទេសអ៊ីអន នឹងផ្តល់ឱកាសការងារចំនួន ២០០កន្លែង ដល់យុវជន និងអ្នកស្វែងរកការងារ។
លោក រ៉េត សាគា បន្តថា ធនាគារ ឯកទេសអ៊ីអន មានទិសដៅផ្តល់ឱកាសការងារដល់យុវជន ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ហើយលោកបានអំពាវនាវដល់យុវជន និងអ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ សូមចូលរួមស្វែងរកការងារឲ្យបានច្រើនកុះករ។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចចូលរួមដា ក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងបុគ្គលិកផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន និងរោងចក្រទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា