សៀមរាប៖ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែងខេត្តសៀម រាប បានឱ្យដឹងនៅយប់ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា នៅល្ងាចថ្ងៃទី០៣នេះជំនន់ទឹកភ្លៀងដែលហូរធ្លាក់ខ្លាំងមកពីតំបន់ខាងលើ ឥឡូវបានហូលើផ្លូវជាតិជាតិលេខ០៦ហើយ នៅត្រង់ចំណុចចាប់ពីធនាគារអេស៊ីលីដា ទៅដល់ស្ពានខ្នាត ដែលមានប្រវែងប្រមាណជា១០០ម៉ែត្រ ហើយអជ្ញាធរស្រុកកំពុងតែមានវិធានការ ដើម្បីបើកមុខទឹកឱ្យហូរបានលឿន។
លោកអភិបាលស្រុក បានបន្តថា ដោយសារផ្លូវជាតិលេខ០៦នេះមានការធ្វើចរាចរណ៍ច្រើន ដូចនេះលោកបានអំពាវឱ្យអ្នកធ្វើដំណើរ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសការធ្វើដំណើរនៅពេលយប់។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាបបានបង្ហាញថា ស្ថានភាពជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាជនសរុប ៥ ៤៥០គ្រួសារ មានភូមិចំនួន ១១៣ភូមិ នៃឃុំចំនួន ២៧ ក្នុងចំនួន ៧ស្រុក រួមមាន៖ ស្រុកជីក្រែង, ស្រុកប្រាសាទបាគង,ស្រុកសូទ្រនិគម, ស្រុកវ៉ារិន, ស្រុកស្វាយលើ, ស្រុកបន្ទាយស្រី, និងក្រុងសៀមរាប ។ បង្កឱ្យមានផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖ លិចលំនៅឋានកម្រិតស្រាល ចំនួន ៣ ៣៣៨ខ្នង ស្មើនឹង ៣ ៣៣៨គ្រួសារ, លិចលំនៅឋានកម្រិតធ្ងន់ ចំនួន ៣ខ្នង ស្មើនឹង ៣គ្រួសារ (ជម្លៀសដោយខ្លួនឯងទៅស្នាក់នៅបណ្ដោះអាសន្នជាមួយបងប្អូន), លិចសាលារៀនចំនួន ៣៣កន្លែង, លិចមណ្ឌលសុខភាព ចំនួន ២កន្លែង, លិចបរិវេណវត្តអារាម ចំនួន៩កន្លែង, លិចបរិវេណអាគាររដ្ឋបាល ចំនួន១កន្លែង,លិចស្ពានចំនួន ១៦ម៉ែត្រ, លិចខ្នងទំនប់/ប្រឡាយប្រវែង ២៤ ៥៩១ម៉ែត្រនិងខូចខាតប្រវែង ១២ ៤២៣ម៉ែត្រ, លិចផ្លូវដីស/ដីក្រហម/កៅស៊ូប្រវែង ៥១ ០០៥ម៉ែត្រ និងខូចខាតប្រវែង ១១ ២៦៥ម៉ែត្រ, ប៉ះពាល់ស្រូវចំនួន ៧ ២៤៤ហិកតា ស្មើនឹង ៤ ៣៣២គ្រួសារ ស្ថិតក្នុងស្រុកជីក្រែង ។
ការតាមដានស្ថានភាពជំនន់ទឹកភ្លៀង ៖ ស្រុកជីក្រែង ជំនន់ទឹកភ្លៀងកំពុងមានការកើនឡើង ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា និងទឹករហូរធ្លាក់មកពីភូមិសាស្ត្រស្រុកគូលែន ខេត្តព្រះវិហារ និងភូមិសាស្ត្រស្រុកស្វាយលើ។ – ស្រុកវ៉ារិន, ស្រុកស្វាយលើ, ស្រុកប្រាសាទបាគង, ស្រុកបន្ទាយស្រី, និងក្រុងសៀមរាប មានផលប៉ះពាល់កើនឡើងបន្តិច ដោយសារមានភ្លៀងធ្លាក់បន្ថែម និងការហូរមកពីតំបន់ខាងលើ។ ក្នុងករណីពុំមានភ្លៀងធ្លាក់បន្ត នោះស្ថានភាពទឹកនឹងស្រកចុះវិញលឿន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា