ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ច្បាស់ៗ អំពីពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យដែលមានតម្លៃក្រោមចំនួន៧ម៉ឺនដុល្លារមិនយកពន្ធនោះទេគឺបន្តមិនយកដដែលហើយចំពោះពន្ធប្រថាប់ត្រាចំពោះការផ្ទេរទ្រព្យពីឪពុកម្តាយទៅកូន យាយ តាទៅចៅ ប្តីទៅប្រពន្ធ សម្រាប់អំណោយឬមរតកនោះ គឺបន្តមិន យកពន្ធនោះទេ ដែលនេះ ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ ខណៈដែល កន្លង មកនេះមាន ការរំជើបរំជួលពីប្រជាពលរដ្ឋនិងអ្នកលេងបណ្តាញសង្គមថា រដ្ឋាភិបាលនឹងយកព័ន្ធលើអចលនទ្រព្យរបស់ ប្រជាពលរដ្ឋ។
ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នាព្រឹកថ្ងៃទី៣តុលាឆ្នាំ២០២៣នៅខណ្ឌដង្កោ រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាន គូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះមិនបង្កើនពន្ធថ្មីនោះទេ ។ ខ្ញុំបញ្ជាក់ឱ្យច្បាស់ តែអ្នកខ្លះយកអារឿងពន្ធតាំងពីឆ្នាំ១៩៨២ ឬ៨៣មកនិយាយ។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងទោះបីជាស្ថិតក្នុងលក្ខណៈលំបាកបែបណាក្តីក៏រាជរដ្ឋាភិបាលមិនយកពន្ធអាករលើ៖១.ដីស្រែកកសិករ លើកដីកសិកម្ម ជាលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋនោះទេ។ ២.មិនយកពន្ធលើសម្ភារកសិកម្មនោះទេ ៣.មិនយកពន្ធ លើកសិផលកសិកម្មនោះទេ។មិនយកពន្ធលអចលនទ្រព្យដែលមានតម្លៃថោកជា១០០លានរៀលឬស្មើ២៥០០០ដុល្លារនោះទេ។ អីញ្ចឹងបងប្អូនដែលទិញផ្ទះថោកជាងនេះ គឺមិនជាប់ពន្ធ នោះទេ។
សម្តេចគូសបញ្ជាក់ថា៖«ពន្ធប្រថាប់ត្រាចំពោះអចលនទ្រព្យដែលមានតម្លៃក្រោមចំនួន៧ម៉ឺនដុល្លារមិនយកពន្ធនោះទេគឺបន្តមិនយកដដែលហើយចំពោះពន្ធប្រថាប់ត្រាចំពោះការផ្ទេរទ្រព្យពីឪពុកម្តាយទៅកូន យាយតាទៅចៅ ប្តីទៅប្រពន្ធ សម្រាប់អំណោយឬមរតក នោះ គឺបន្ត មិនយកពន្ធនោះទេ»។ មិនត្រឹមតែពន្ធលើអចលនទ្រព្យដែលបានលើកឡើងខាងលើនោះទេ សម្តេចធិបតីបានបន្ថែមថា រាជរដ្ឋាភិបាលក៏នៅតែបន្តមិនយកពន្ធលើទោចក្រយានយន្ត ពន្ធផ្លូវ ដែលជិះម៉ូតូ ឬកង់បី រដ្ឋនឹងមិនយកទេ។យើងបានមិនយកទាំង ពីមុនមកហើយ ហើយយើងនៅតែបន្តមិនយកទៀត ។
ដើម្បីឱ្យអស់ចម្ងល់សម្តេចធិបតីក៏បានលើកឡើងរដ្ឋាភិបាលអាណត្តិថ្មីមិនបានបង្កើតច្បាប់ថ្មីណាមួយដើម្បីដាក់បន្ទុកក្នុងការយកពន្ធពីប្រជាពលរដ្ឋនោះទេ។ រដ្ឋបានប្តេជ្ញាចិត្តនូវអ្វីដែលមិនបានយកពីមុនមក ហើយនឹងបន្តមិនយកបន្តទៀត។
សម្តេចគូសបញ្ជាក់ថា៖«រឿងពន្ធនេះសូមបញ្ជាក់ឱ្យច្បាស់ៗ អ៊ីចឹង សូមយល់ណា ហើយរឿងបង់ភាស៊ីនៅកន្លែងផ្សេង របស់ ប្រជាពលរដ្ឋលក់តាមកញ្ច្រែង កញ្ជើ ល្អី នៅទូទាំង ប្រទេសរដ្ឋបន្តមិនយកភាស៊ីនោះទេ។ កន្លងមកមានអ្នកលើកឡើងថា ពេល ហ៊ុន ម៉ាណែត ឡើងមកយកភាស៊ីគាត់ តែសូមបញ្ជាក់ថា អត់ទេ!រដ្ឋគ្មានគោលដៅយកទេ»។ ជាមួយគ្នានោះដែរសម្តេចធិបតី ក៏បាន ប្រាប់ទៅអាជ្ញាធរទាំងអស់ថាបើសិនតែមានការទៅយកភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី គឺខុសហើយ រដ្ឋមិនបន្តយកពីប្រជាពលរដ្ឋបន្តទៀតសូមបញ្ជាក់ឱ្យច្បាស់ ហើយសូមបងប្អូនជឿឱ្យច្បាស់។ ចំពោះអាជីវករដែល មានតូប ឬស្តង់មានសិទ្ធិក្នុងលក់ដូរ ឬផ្ទេរទៅឱ្យកូនចៅទៅឱ្យអ្នកដទៃបានដោយ មិនយកពន្ធ នោះទេ។
ថ្លែងជាសាធារណៈនោះដែរសម្តេចធិបតី បានឱ្យដឹងនៅចំពោះគោលនយោបាយផ្សេងៗទៀតពាក់ព័ន្ធនឹងពន្ធនេះដែរនៅខែវិច្ឆិកា ខាងមុខនេះរដ្ឋាភិបាលនឹងដាក់ចេញឱ្យប្រជាពលរដ្ឋបានដឹងផងដែរក្រោយជួបជជែកជាមួយវិស័យឯកជន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា