សៀមរាប៖ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមរសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ មានឃុំចំនួន២០ របស់ស្រុកចំនួន០៦ ក្នុងខេត្តសៀមរាប បានរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងដោយលិចក្រោមផ្ទះ និងលិចផ្លូវមួយចំនួន ប៉ុន្តែមិន ទាន់ធ្ងន់ធ្ងររហូតដល់ថ្នាក់ប្រកាសអាសន្ន ឬត្រូវការជម្លៀសប្រជាពលរដ្ឋនោះទេ។

លោកបានបន្តថា អាជ្ញាធរខេត្តបានចាត់ឱ្យអភិបាលស្រុកទាំងអស់ ឱ្យតាមដាន និងផ្តល់ព័ត៌មានឱ្យបានលឿនអំពីស្ថានភាពទឹកជំនន់នេះ និងត្រូវមានវិធីការបង្ការ និងជួយ សង្គ្រោះឱ្យបានទាន់ពេលវេលា បើសិនជាស្ថានភាពទឹកឈានដល់ការប្រកាសអាសន្ន។

នៅថ្ងៃនេះដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ក៏បានជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ ដោយយោងលើស្ថានភាព ទឹកភ្លៀងក្នុងវដូវវស្សាឆ្នាំ២០២៣នេះ ចាប់ផ្តើមធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនបង្កឱ្យ មានជាជំនន់ទឹកភ្លៀងដែលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងអាចបង្កឱ្យមានផល ប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វនិងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាបសូមធ្វើការផ្អាកចរាចរណ៍ រថយន្តដឹកទំនិញ ធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៦៤ (ដំដែក-អូរប្រាំព្យាម ព្រំប្រទល់ព្រះវិហារ) ផ្លូវជាតិលេខ៦៧ (ប្រាសាទបាគង-អន្លង់វែង), ផ្លូវខេត្តលេខ២៦៥E(រលួស-កំពង់ភ្លុក), ផ្លូវខេត្តលេខ២៦៦៨(ស្វាយធំ-បន្ទាយស្រី) ផ្លូវខេត្តលេខ២៦៦ (ពួក-អង្គរជុំ), ផ្លូវខេត្តលេខ២៦៧៣ (អង្គរជុំ-វ៉ារិន), ផ្លូវខេត្តលេខ២៦៧៦ (ទួលគ្រួស-តាសៀម), ផ្លូវខេត្ត លេខ២៦៤៥ (ស្វាយលើ-ស្រែណូយ), ផ្លូវខេត្តលេខ៦២-៣ (បេងមាលា-ខ្វាវ) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មាន សេចក្តីជូនដំណឹងសារជាថ្មី។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សង្ឃឹម និងជឿជាក់យ៉ាង មុតមាំចំពោះការចូលរួមសហការអនុវត្តរបស់លោក លោកស្រី ជាម្ចាស់រថយន្តដឹក ទំនិញធុនធ្ងន់ទាំងអស់ ដើម្បីរួមចំណែកថែរក្សា ផ្លូវថ្នល់-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា