គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលសរុបបានប្រមាណ ២៤ លានដុល្លារ

0

សៀមរាប៖ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គររកចំណូលសរុបបានប្រមាណ ២៤ លានដុល្លារ កើនឡើង ៣៦៥ភាគរយ ដោយទទួលបានភ្ញៀវទេសចរសរុបចំនួន ៥៣ ៩៥៦១នាក់ កើនជាង ៣០០ភាគរយ បើធៀបនឹងឆ្នាំមុន។

យោងតាមសេចក្តីប្រកាសព័ត៌មានពីគ្រឹះស្ថានអង្គរបានបង្ហាញថា ចំនួនភ្ញៀវទេសចរ បរទេស និងចំណូលដែលបានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទ កោះកេរ គិតក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ មានចំនួន ៤១០៤៨នាក់ កើនឡើង៧៤ភាគរយ។ ចំណូលសរុបមានចំនួន ១ ៨៦៣ ៤៦៦ដុល្លារ កើនឡើងប្រមាណ ១០៣ភាគរយ ធៀបនឹង រយពេលដូចគ្នាកាលពីខែកញ្ញា ឆ្នាំ២០២២។

ចំណែកត្រីមាសទី៣ ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរបរទេស និងចំណូលដែល បានពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៥៣៩ ៥៦១នាក់ កើនឡើង ៣០២ភាគរយ។ ចំណូលសរុបមានចំនួន ២៤ ៩៥៥ ៣៩៧ ដុល្លារ កើនឡើង ៣៦៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ដោយឡែក ចំណូលពីការលក់ប័ណ្ណនៅប្រាសាទកោះកេរ សម្រាប់ខែកញ្ញានេះ មានចំនួន ៦៣៥នាក់ ស្មើនឹង ៩៥២៥ ដុល្លារ រីឯចំណូលលក់ប័ណ្ណសរុបនៅប្រាសាទកោះកេរ រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣នេះ មានចំនួន ៨ ៨៣០នាក់ ស្មើនឹង១៣២៤៥០ ដុល្លារ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា