ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបកោះពេជ្រ ឆ្លងទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និង ខណ្ឌចំការមន នៅយប់ថ្ងៃទី០២ តុលា ឆ្នាំ២០២៣ បានអ៊ុតកៅស៊ូលើកម្រាលស្ពានហើយៗ ជាគម្រោង នឹងដាក់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

មន្ត្រីមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះថា កាលពីថ្ងៃទី០២ ខែតុលា ស្ពានបេតុងខ្សែកាប កោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ បានចាប់ផ្តើមអ៊ុតកៅស៊ូលើកម្រាលស្ពានរួចបណ្ដើរៗហើយ។

ដោយយោងតាមការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ទីរ រួមសហការជាមួយ ជំនាញ ពន្លឿននៃការអ៊ុតកៅស៊ូ លើកម្រាលស្ពាន ឱ្យមានគុណភាព ជាពិសេស យើងបានដាក់ឱ្យប្រើប្រាស់ បណ្ដោះអាសន្ន តាមគម្រោង ដែលបានគ្រោងទុក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងមកនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីតភ្ជាប់តួស្ពាននេះ នៅចំណុចស្ពានបេតុង ខ្សែកាប ត្រើយខាងលិច(កោះពេជ្រ)៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា