«បើថាវិភាគឱ្យគ្រប់ជ្រុងជ្រោយ មើលឱ្យគ្រប់ទិសផង បើថាវិភាគចង់ជាន់ពន្លិច អាហ្នឹងតាមហ្នឹងចុះ»។ នេះជាផ្ដាំផ្ញើ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដល់ក្រុមអ្នកវិភាគ។

ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត នៅព្រឹកថ្ងៃទី០៣តុលានេះ សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលបានខ្វល់ខ្វាយពីទុកលំបាកប្រជាពលរដ្ឋគ្រប់ពេលវេលា មិនដូចការលើកឡើងរបស់មនុស្សមួយចំនួនចាំតែមើលបំណាំនោះឡើយ។

សម្ដេចធិបតី ថ្លែងថា«ខ្ញុំសុំយកពេលនេះដើម្បីបញ្ជាក់ឱ្យបងប្អូនបានជ្រាប ថាពិតណាស់រដ្ឋាភិបាលរបស់យើង បានតែងតែគិតគូរគ្រប់ជំហានឱ្យប្រជាពលរដ្ឋ តាំងពីមុនរដ្ឋាភិបាលកើត ក្រោយរដ្ឋាភិបាលកើត ក្នុង៤០ថ្ងៃជាងនេះយើងបានដោះច្រើនណាស់ ហើយខ្ញុំធ្វើការច្រើនទាំងយប់ទាំងថ្ងៃ ទាំងក្នុងប្រទេសទាំងចេញទៅក្រៅប្រទេស គឺដើម្បីដោះស្រាយនូវបញ្ហាកង្វល់ រឿងសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនេះឯង ហ្នឹងនិយាយឱ្យច្បាស់ហ្មង ខ្ញុំបានផ្សាយគ្រប់បែបយ៉ាង ហើយរឿងនេះខ្ញុំមិនឈប់ទេ ខ្ញុំនឹងបន្តធ្វើទៅទៀតជូនប្រជាពលរដ្ឋរបស់យើង ដរាបណាបងប្អូននៅតែមានការជឿទុកចិត្ត»។

សម្ដេចធិបតី ក៏បានក្រើនម្លឹកប្រជាពលរដ្ឋឱ្យស្ដាប់ការពន្យល់បកស្រាយរបស់រាជរដ្ឋាភិបាលផងដែរ ទន្ទឹមនឹងមានការរិះគន់ពីមជ្ឈដ្ឋានផ្សេងៗ ចៀសវាងការយល់ច្រឡំ ខណៈរាជរដ្ឋាភិបាល បានខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋនិងសេដ្ឋកិច្ចប្រទេសជាតិមានការរីកចម្រើនបានឆាប់រហ័ស៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា