ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្ដិថ្មី មិនមានបង្កើតពន្ធថ្មី មិនមានការដំឡើងអត្រាពន្ធនោះទេ ហើយរាជរដ្ឋាភិបាល នឹងដាក់ចេញគោលការណ៍មួយចំនួនពាក់ព័ន្ធបញ្ហាពន្ធនៅក្នុងពេលប្រជុំជាមួយវិស័យឯកជន នាខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ។ ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ០៩៩ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងពីការប្ដេជ្ញាចិត្តអនុវត្តន៍គោលនយោបាយបន្តទៀតរបស់គណបក្សប្រជាជនកម្ពុជាទៅលើការមិនយកពន្ធលើដីកសិកម្មលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ មិនយកពន្ធទៅលើសម្ភារកសិកម្ម និងមិនយកពន្ធលើកសិផលជាដើម ។ល។ សម្តេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនមានការបង្កើតពន្ធថ្មីទេ អ្នកខ្លះយកពន្ធដែលបង្កើតតាំងពីឆ្នាំ១៩៨២ យកមកដាក់ដើម្បីបំភ័យប្រជាពលរដ្ឋ។ សម្តេចធិបតីលើកឡើងថា គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកគ្មានប្រទេសណាមួយដែលមិនយកពន្ធនោះទេ គ្រាន់តែតិច ឬច្រើន ហើយសម្តេចធិបតីក៏បានពន្យល់ថា ពន្ធគឺជាមធ្យោបាយដែលយើងចែករំលែក ពីអ្នកមានលទ្ធភាពទៅអ្នកដែលអត់លទ្ធភាព ។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា រាជរដ្ឋាភិបាលបានចំណាយ ១២០ លានដុល្លារជួយទៅដល់ប្រជាពលរដ្ឋដែលជួបការលំបាកប្រប្រមាណ ៧០ ម៉ឺន ទៅ ៨០ ម៉ឺនគ្រួសារ ជាមួយនឹងបណ្ណក្រីក្រ ៧០ម៉ឺនបណ្ណ ដែលមានប្រជាជនប្រមាណ ៤.៥ លាននាក់។ សម្ដេចធិបតីបានឱ្យដឹងថា លុយទាំងអស់នេះគឺបានមកពីការបង់ពន្ធនិងការយកពន្ធ ។ តែអ្វីដែលយើងគិតអំពីបញ្ហាពន្ធនេះគឺគិតអំពីស្ថានភាពសេដ្ឋកិច្ច សម្រាប់ជួយប្រជាពលរដ្ឋតើត្រូវបន្ធូរកម្រិតណាព្រោះសុទ្ធតែជាប្រជាពលរដ្ឋខ្មែរទាំងអស់ទេ។
សម្ដេចធិបតីបានបន្ដថាទៀតថា បើយើងគ្មានលុយក៏មិនដឹងថាទៅជួយប្រជាជនយ៉ាងម៉េចដែរព្រោះប្រជាជនដែលរង ហានិភ័យ ត្រូវការឱ្យយើងជួយ ។ ដូច្នេះត្រូវផ្ទេរពីអ្នកមានលទ្ធភាពខ្លះក៏ប៉ុន្តែយើងក៏មិនច្របាច់ករប្រជាពលរដ្ឋនៅក្នុងពេលដែលមានកាលៈទេសៈលំបាកនោះដែរ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា៖ «ក្រៅពីមិនបង្កើតពន្ធថ្មីយើងសូមបញ្ជាក់ជូនប្រជាពលរដ្ឋនៅការប្ដេជ្ញាចិត្តនិងបន្តគោលនយោបាយរបស់គណបក្សប្រជាជនទៅលើការមិនយកពន្ធទីមួយយើងនឹងមិនបានយកនឹងបន្តមិនយកពន្ធទៅលើដីកសិកម្មលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋ ។ ទីពីរ.យើងមិនយកពន្ធទៅលើសម្ភារកសិកម្មទេ ។ ទីបី.យើងមិនយកពន្ធទៅលើកសិផលកសិកម្មទេ ។ យើងមិនយកពន្ធទៅលើអចលនទ្រព្យតម្លៃថោកជាង ១០០ លានរៀលឬ ២៥ ០០០ ដុល្លារនោះទេ ហើយពន្ធប្រថាប់ត្រាបើមានការទិញលក់ អចលនទ្រព្យក្រោមប្រាំពីរម៉ឺនដុល្លារក៏យើងមិនយកពន្ធទេ ។ ហើយរឿងពន្ធប្រថាប់ត្រាការផ្ទេរទ្រព្យសម្បត្តិពីឪពុកម្ដាយទៅកូន ពីយាយតាទៅចៅ ពីប្ដីទៅប្រពន្ធសម្រាប់អំណោយមួយលើករឿងមរតកគឺយើងមិនយកពន្ធទេ»។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងទៀតថា ពន្ធទោចក្រយានយន្តពន្ធផ្លូវគឺរដ្ឋនៅតែមិនយកពន្ធផ្លូវដដែល ហើយក្រៅពីមិនបង្កើតអ្វីថ្មីមិនបង្កើតអ្វីដែលមានស្រាប់ រដ្ឋក៏ប្តេជ្ញាចិត្តនូវអ្វីដែលយើងមិនបានយក នឹងបន្តមិនយកបន្តទៀត ហើយការលុបបំបាត់ភាស៊ី ការបង់ភាស៊ីផ្សេងៗទៀតការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែងល្អី រដ្ឋបន្តមិនយកភាស៊ីនេះទេ។ «សូមកុំមានការយល់ច្រឡំ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវពិនិត្យមើលបញ្ហានេះ បើមានអ្នកទៅយកគឺខុសហើយ ។ ហើយអាជីវករលក់ដូរលើផ្សាររដ្ឋមានសិទ្ធិក្នុងការបន្តអាជីវកម្មនិងផ្ទេរសិទ្ធិលក់ដូរតកូនចៅរបស់ខ្លួន»។ នេះជាការអះអាងបន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចាស់បានអនុវត្តន៍ ហើយរាជរដ្ឋាភិបាលថ្មីនឹងបន្តអនុវត្តន៍បន្តទៀត ដែលយើងមិនបង្កើតថ្មីយើងមិនដំឡើងពន្ធដែលមានស្រាប់នោះទេ ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា