សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អគ្គិសនីកម្ពុជាខាតលុយមួយខែរាប់សិបលានដុល្លារតែរដ្ឋសុខចិត្តចេញខាតដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ

0

បរទេស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ក្នុង មួយខែៗ រដ្ឋខាតបង់ប្រាក់រាប់សិបលានដុល្លារអាម៉េរិក តែរដ្ឋសុខចិត្តខាតបង់ថវិកាដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ០៩៩ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្លៃភ្លើងនៅតាមបណ្តាប្រទេសជិតខាងយើងបានឡើងថ្លៃទាំងអស់ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញមិនបានឡើងថ្លៃនោះទេ។  សម្តេចធិបតីបានថ្លែងបញ្ជាក់ថា៖ «រឿងភ្លើងនេះប៉ុន្មានមកនេះប្រទេសទាំងអស់  វៀតណាមក៏ឡើង  ថៃក៏ឡើង ហើយសាំងហ្គាពួរប៉ុន្មានថ្ងៃមុនក៏បានប្រកាសនឹងឡើងផងដែរ។ ប៉ុន្តែសម្រាប់កម្ពុជាយើងមិនឡើងនោះទេ សូម្បីតែអគ្គិសនីកម្ពុជាមួយខែៗខាតបង់រាប់សិនលាន សុខចិត្តរដ្ឋខាតដើម្បីថែរក្សាជីវភាពប្រជាពលរដ្ឋ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ចំពោះករណីតម្លៃភ្លើងនេះដែរសម្តេចបានឱ្យរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលគិតគូរក្នុងការបញ្ចុះតម្លៃមួយចំនួនជូនដល់សហគ្រាស ជាង២ម៉ឺនសហគ្រាសដើម្បីជួយគាត់ផងដែរ។

សម្តេចធិបតីបានថ្លែងបន្ថែមថា៖ «នេះហើយដែលរដ្ឋជួយដល់បងប្អូន បើមិនជួយនោះ ទេនឹងប៉ះពាល់ដល់ប្រជាពលរដ្ឋ បើតម្លៃភ្លើងឡើងតម្លៃ២ពាន់រៀលក្នុងគីឡូវ៉ាត់ ហើយតម្លៃប្រាក់ខែឡើង៤ដុល្លារនោះនឹងត្រូវចំណាយ។ អីចឹងចំណុចនេះ ត្រូវគិតគូរ មិនត្រឹមតែដំឡើងប្រាក់បៀវត្សរ៍ដល់កម្មករទេតែរដ្ឋក៏បានគិតគូរប្រជាពលរដ្ឋ ដើម្បីរក្សាថវិកាកាន់តែសល់ច្រើន»។

ក្នុងឱកាសនោះដែរសម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានអះអាងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើបន្តបន្ទាប់ទៀតផងដែរ ហើយសម្តេចនាយករដ្ឋមន្ត្រីក៏បានផ្តាំទៅអ្នកវិភាគនៅក្រៅប្រទេស ខណៈខ្លួនកំពុងបង់ថ្លៃភ្លើងច្រើនផងដែរ។  សម្តេចធិបតីក៏បានដាក់ចម្ងល់ចំពោះបងប្អូនខ្មែរមួយចំនួនថាប្រហែលជាគាត់មិនបានវាយប្រហារ ឬបង្អាប់នាយករដ្ឋមន្ត្រីមិនអស់ចិត្ត ប្រហែលជាខ្លាំងមានអ្វីមួយ នៅពេលភ្លៀងមកម្តង៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា