ភ្នំពេញ៖ ក្នុងខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៦គម្រោង ដែលមានទុនវិនិយោគជាង២៥០លានដុល្លារអាមេរិក ដែលអាចបង្កើតការងារបានចំនួនជិត៣ម៉ឺនកន្លែង ដែលក្នុងនោះមាន៩គម្រោងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ នេះបើយោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
តាមការគណនា គម្រោងវិនិយោគចំនួនទាំ២៦នោះមានទុនវិនិយោគប្រមាណ២៥៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ២ ៧ ០០០ កន្លែង ដែលស្ថិតក្នុងរាជធានី ខេត្តចំនួន៧ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពុងស្ពឺ កំពង់ចាម តាកែវ ស្វាយរៀង និងខេត្ដកណ្តាល។ ក្នុងនោះខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគច្រើនជាងគេ គឺមានចំនួន៧គម្រោង បន្ទាប់មកខេត្តស្វាយរៀងមាន៦គម្រោង និងរាជធានីភ្នំពេញមាន៥គម្រោង។
យោងតាម CDC គម្រាងទាំងនោះមានដូចជា គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារសត្វចិញ្ចឹម, គម្រោងបង្កើតរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីលោហៈធាតុកែច្នៃ (ធ្នើរ), គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតមួកគ្រប់ប្រភេទ, គម្រោងវិនិយោគកម្មន្តសាលសម្ភារធ្វើពីក្រដាស (ទ្រនាប់ពុម្ពសម្លៀកបំពាក់ ស្បែកជើង កាបូប ម៉ាកឃឺ និងវេចខ្ចប់)។
ក្រៅពីនេះ មានគម្រោងបង្កើតរោងចក្រផលិតកាបូប តុក្កតា និងសម្លៀកបំពាក់សត្វចិញ្ចឹម (ពីក្រណាត់), គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ សម្ភារលម្អដើមគ្រីស្មាស់ និងអំពូលភ្លើងលំអគ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ, គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន, និងមានគម្រោងមួយចំនួនទៀត។
គម្រោងដែលមានទុនវិនិយោគច្រើនជាងគេគឺគម្រោងអភិវឌ្ឍន៍អនុស្ថានីយ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះរបស់ក្រុមហ៊ុន CAMBODIAN TRANSMISSION II ក្នុងទុនវិនិយោគជាង ៩២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។
បន្ទាប់មកគឺគម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទរបស់ក្រុមហ៊ុន HUALE STEEL (CAMBODIA) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៤០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។
ជាមួយគ្នានេះ គម្រោងដែលអាចបង្កើតការងារបានច្រើនជាងគេគឺ គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើងរបស់ក្រុមហ៊ុន POWER CROWN FOOTWEAR (CAMBODIA) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤ ០៤០កន្លែង។
បន្ទាប់មកគឺគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ…) និងសម្ភារបន្ទាប់បន្សំរបស់ក្រុមហ៊ុន HANTANG YIPIN LEISURE PRODUCTS (CAMBODIA) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣ ៦១៨កន្លែង។
សូមជម្រាបជូនថា យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជននិងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន, និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
ក្នុងជំនួបជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃCDC កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី ចុង ជី ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអមស្ថានទូតចិននៅកម្ពុជា បានសន្យាថាលោកស្រីនឹងខិតខំណែនាំឱ្យវិនិយោគិនចិនធ្វើការឱ្យបានស្អិតរមួតជាមួយ CDC សំដៅបណ្តាក់ទុនវិនិយោគបន្ថែមទៀតលើគ្រប់វិស័យដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
បើតាម CDC បានបញ្ជាក់កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ថា កន្លងមក CDC និងក្រសួងពាណិជ្ជកម្មចិន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីបង្កើតយន្តការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគនិងសេដ្ឋកិច្ច។ ចំពោះមុខ CDC និងភាគីចិននឹងចុះហត្ថលេខាលើ MoU ចំនួន ៦បន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ជ្រុងជ្រោយដែលមានវិសាលភាពគ្របដណ្តប់លើការជំរុញវិនិយោគក្នុងវិស័យឌីជីថល, ឧស្សាហូបនីយកម្មប្រភេទថ្មី, ការអភិវឌ្ឍបៃតង និងការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម។
CDC ក៏បានបញ្ជាក់បន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីរៀបចំថ្នាលផ្តល់កិច្ចសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដល់វិនិយោគិន ជាពិសេសវិនិយោគិនចិន។ អនុស្សារណៈយោគយល់គ្នាទាំង ៦ ដែលត្រូវចុះហត្ថលេខានាពេលខាងមុខ គឺជាកាតាលីករដ៏ស័ក្តិសិទ្ធិក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគឱ្យភ្លឺថ្លាដូចត្បូងពេជ្រ ស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏មោះមុត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។
ដោយឡែក CDC បានឱ្យដឹងកាលពីដើមខែសីហា ឆ្នាំ២០២៣ ថា ថ្មីៗនេះ ក្រុមហ៊ុន Toyota Tsusho Corporation បាននិងកំពុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះ នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ លើមុខសញ្ញាវិនិយោគផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្តដែលគ្រោងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣ និងអាចស្រូបយកកម្លាំងពលកម្មប្រមាណ ៨០០ កន្លែងបន្ថែមទៀត។ បច្ចុប្បន្ន កម្មករនិយោជិតកម្ពុជាមួយចំនួន កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ។
ចំពោះក្រុមហ៊ុន Toyota Tsusho Corporation មានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា