ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

0

ពោធិ៍សាត់ ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២ និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត TOYOTA CAMRY បត់ឆ្វេងឆ្លងថ្នល់ជ្រុលទៅបុកម៉ូតូ HONDA C125 ក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យស្រ្តីជាប្រពន្ធស្លាប់ រីឯបុរសជាប្តីរងរបួសធ្ងន់ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៧១-១៧២ ភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ៖ មុនពេលកើតហេតុគេឃើញ មានរថយន្តម៉ាក TOYOTA CAMRY ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-1551 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងថ្នល់ទៅទិសខាងត្បូង ជ្រុលទៅបុកម៉ូតូម៉ាក HONDA-C125 សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1G-3423 ដែលកំពុងធ្វើចរាចរណ៍ពីលិចទៅកើត បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយកត្តា អ្នកបើកបររថយន្តបត់ឆ្វេងឆ្លងផ្លូវប្រើប្រាស់ល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន តុល្យភាពនៃការខូចខាត បណ្តាលឲ្យខូចខាតរថយន្ត ០១គ្រឿង ម៉ូតូ ០១គ្រឿង ស្លាប់មនុស្ស០១នាក់ ស្រី និង រងរបួសមនុស្ស ០១នាក់ ប្រុស និងវៀចផ្លាកសញ្ញាឈប់ ០១ដើម។ លោកអធិការ បានបញ្ជាក់ថា ជនរងគ្រោះទី១ឈ្មោះ រាម គានី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ទី២ឈ្មោះ ឡែន យ៉េន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាអ្នករួមដំណើរ ត្រូវជាប្រពន្ធ ស្លាប់ ពេលបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង១៣ និង៣០នាទី អ្នកទាំងពីរមានទីលំនៅក្នុងភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ចំពោះអ្នកបើកបររថយន្ត បានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ យោងតាមនិទ្ទេសរបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ បានបញ្ជាអោយសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នវត្ថុតាង ជំនាញអធិការដ្ឋានបានប្រគល់អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចាត់ការបន្តនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ